សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីស្លាប់បុរសជនជាតិកូរ៉េអាយុ ៤៨ ឆ្នាំដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឲ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ ៤៨ ឆ្នាំ ដែលរស់នៅ BELLA VITA APARTMENT St.51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៣:៣០ នាទីរសៀល។
បុរសខាងលើបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសមៈ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ ប្រហែលម៉ោង ១១:៣០ នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថា មានវិជ្ជមានវីរុសវីដ-១៩ អ្នកជំងឺត្រូវបានបញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសម: ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថៃដដែល វេលាម៉ោង ២១:១៥ នាទីយប់។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរទេតាំងពីចូលសម្រាកពេទ្យដំបូងមកហើយនោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៣:៣០ នាទីរសៀល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសជនជាតិកូរ៉េ អាយុ ៤៨ ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុកយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។