បើតាមការបង្ហាញចេញពី Xiaomi ផ្ទាល់មុននេះបន្តិច យើងឃើញថា សម្រាប់ការរចនារូបរាងខាងក្រៅរបស់ Mi 10T និង Mi 10T Pro គឺដូចគ្នាស្ទើរទាំងស្រុង មិនថាទម្រង់កញ្ចប់កាមេរ៉ាខាងក្រោយ ឬផ្នែកខាងមុខនោះទេ ដោយលើកនេះ វាមានប្រើប្រាស់លេនទំលុះអេក្រង់មួយគ្រាប់ នៅខាងលើផ្នែកខាងឆ្វេងដូចគ្នា រីឯខាងក្រោយមានលេនកាមេរ៉ា 3 គ្រាប់ ជាមួយសេនស័រចាប់ពន្លឺមួយគ្រាប់ រួមទាំង Flash LED។ សម្រាប់ផ្នែកអេក្រង់ ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលខាងលើ បានបំពាក់មកទំហំ 6.67 អ៊ីញ ប្រភេទ IPS LCD មានសមាមាត្រអេក្រង់ 20:9, អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+, គាំទ្រកម្រិត Refresh Rate ដល់ទៅ 144Hz រួមទាំងមានកម្រិតទឹកពណ៌ P3 ក៏ដូចជាក្រាលការពារដោយកញ្ចក់ Gorilla Glass 5 ផងដែរ។ ចូលទៅដល់ផ្នែកកាមេរ៉ាវិញ គឺជាចំណុចសំខាន់មួយ ដែលធ្វើឲ្យ Mi 10T និង Mi 10T Pro ខុសគ្នា ជាក់ស្ដែងនៅលើ Mi 10T មានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះ លេនគោលមានទំហំ 64MP, លេនទូលាយ (Ultra Wide) ទំហំ 13MP និងចុងក្រោយគេជាលេន Macro ទំហំ 5MP។
ខណៈពេលដែល Mi 10T Pro វិញ វាមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ដូចគ្នា ប៉ុន្តែនៅក្នុងនោះ លេនគោលរបស់វាមានទំហំធំដល់ 108MP, លេនទូលាយ (Ultra Wide) ទំហំ 13MP និងមួយគ្រាប់ចុងក្រោយជាលេន Macro ទំហំ 5MP ដដែល។ គួរបញ្ជាក់ដែរថា សម្រាប់កាមេរ៉ាខាងមុខវិញ ទាំងពីរម៉ូឌែលខាងលើសុទ្ធតែបាន បំពាក់មកជាមួយលេនមួយគ្រាប់ទំហំ 20MP ដូចគ្នា។ ទៅលើកម្លាំងម៉ាស៊ីន ក៏នៅតែមិនខុសគ្នាដែរ ដោយវាបានបំពាក់ឈីបកំពូល Snapdragon 865 ប៉ុន្តែវាខុសគ្នាទៅលើជម្រើសរ៉េម និងអង្គផ្ទុក ដោយនៅលើ Mi 10T មានជម្រើសរ៉េម 6GB / 8GB ជាមួយអង្គផ្ទុក 128GB ប្រភេទ UFS 3.1 ខណៈពេលម៉ូឌែល Pro វិញ វាមានអង្គផ្ទុកពីរជម្រើសដូចជា 128GB និង 256GB ប្រភេទ UFS 3.1 ដូចគ្នា ចំណែករ៉េមវិញ គឺមានទំហំ 8GB គ្រប់ជម្រើសតែម្ដង។ ចូលទៅដល់ថាមពលថ្ម គឺវាបានបំពាក់មកទំហំធំដល់ 5,000mAh ថែមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ដូចគ្នា។
សម្រាប់មុខងារសំខាន់ផ្សេងៗទៀតដែល Xiaomi បំពាក់នៅទូរសព្ទឆ្លាតទាំងពីរនេះ គឺថាមានសេនស័រស្កេនស្នាមម្រាមដៃ នៅខាងកៀននៃតួខ្លួន, មានសេនស័រតាមដានពន្លឺ 360 ដឺក្រេ ដើម្បីអាចធ្វើការកំណត់ពន្លឺលើអេក្រង់ ដោយស្វ័យប្រវត្តិបានកាន់តែត្រឹមត្រូវ តាមកាលៈទេសៈ, មានមុខងារ AdaptiveSync ដែលអាចធ្វើការកំណត់កម្រិត Refresh Rate ដោយស្វ័យប្រវត្តិអាស្រ័យទៅតាម Content ដែលគេកំពុងប្រើប្រាស់ ក្នុងការជួយសន្សំថាមពលថ្ម, គាំទ្រ 5G, មានបំពាក់មកជាមួយឈីប MEMC, Speaker 2 គ្រាប់, មានកម្រិតល្អៀងនៃទឹកពណ៌ទាបបំផុត កាន់តែពិសេសនោះ គេក៏បានដាក់បន្ថែមមុខងារកាមេរ៉ាសំខាន់ៗផ្សេងទៀត ជាក់ស្ដែងដូចជាមុខងារ Long Exposure Mode រួមទាំងមុខងារថតវីដេអូក្នុងកម្រិត 8K ជាដើម។ Mi 10T និង Mi 10T Pro មានជម្រើស 3 ពណ៌ដូចគ្នារួមមាន ពណ៌ខៀវ, ខ្មៅ និងពណ៌ទឹកប្រាក់ ហើយទៅលើតម្លៃរបស់វាវិញ ចំពោះទីផ្សារអឺរ៉ុបម៉ូឌែលនីមួយៗមាន 2 ប្រភេទដូចជា៖
• Mi 10T មានរ៉េម 6GB អង្គផ្ទុក 128GB ត្រូវបានគេដាក់លក់ខ្ទង់ ២ លាន ៣៣ ម៉ឺនរៀល ឬ 584 ដុល្លារ ខណៈម៉ូឌែលរ៉េម 8GB មានតម្លៃខ្ទង់ ២ លាន ៥៦ ម៉ឺនរៀល ឬ 642 ដុល្លារ។
• ចំណែក Mi 10T Pro ម៉ូឌែលមានអង្គផ្ទុក 128GB មានតម្លៃខ្ទង់ ២ លាន ៨០ ម៉ឺនរៀល ឬ 700 ដុល្លារ និងចុងក្រោយម៉ូឌែល 256GB មានតម្លៃខ្ទង់ ៣ លានរៀល ឬ 759 ដុល្លារ។
អញ្ចឹងហើយ ខាងលើនេះគឺជា Mi 10T និង Mi 10T Pro ដែល Xiaomi ទើបប្រកាសចេញមុននេះ ហើយវាទាំងពីរ គឺមានលក្ខណៈដូចគ្នាស្ទើរទាំងស្រុងតែម្ដង ពោលខុសតែមួយចំណុចប៉ុណ្ណោះ គឺមួយមានប្រើប្រាស់លេនគោលទំហំ 108MP និងមួយទៀតប្រើត្រឹម 64MP ហ្នឹងឯង ដូច្នេះហើយ ទើបធ្វើឲ្យគម្លាតនៃតម្លៃរបស់វា ក៏មិនខុសគ្នាច្រើនដែរ។ យ៉ាងណាក៏ដោយ សម្រាប់ខ្ញុំផ្ទាល់ចំណុចដែលមិនសូវពេញចិត្តលើទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Xiaomi នេះ គឺត្រង់ថា វាមិនប្រើប្រាស់អេក្រង់ AMOLED ប៉ុន្តែសម្រាប់ការធ្វើបែបនេះ ប្រហែលជា Xiaomi ចង់បានកម្រិត Refresh Rate ដល់ 144Hz នៅលើនោះ។ ហើយក្រុមហ៊ុននេះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា នោះគឺជាអេក្រង់ដែលមានគុណភាពខ្ពស់មួយ មិនថាទៅលើការបង្ហាញពណ៌ ឬចំណុចផ្សេងៗនោះទេ។
ប្រភព ÷ Cambo Report