Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Google Pixel 5 ចេញផ្លូវការហើយ មានកាមេរ៉ាក្រោយ 2 គ្រាប់ ប្រើឈីប Snapdragon 765G

ដូចយើងបានដឹងហើយថា យប់ម្សិលមិញនេះ គឺជាពេលវេលាមួយ ដែល Google នឹងធ្វើការប្រកាសចេញទូរសព្ទឆ្លាត ក៏ដូចជាផលិតផលឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួន ដោយក្នុងនោះរួមមានទាំង Pixel 4a 5G និង Pixel 5 ផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងនឹងលើកយកតែ Google Pixel 5 មកនិយាយប៉ុណ្ណោះ ចំណែកឯ Pixel 4a 5G វិញ ក្រុមការងារយើងនឹងនិយាយលម្អិត នៅក្នុងអត្ថបទផ្សេងមួយទៀត។ មិនខុសពីការរំពឹងទុកឡើយ លក្ខណៈសម្បត្តិរបស់ Pixel 5 គឺដូចការលេចធ្លាយស្ទើរទាំងស្រុង កាន់តែពិសេសនោះ សូម្បីតែតម្លៃក៏ដូចគ្នាដែរ។


បើនិយាយពីការរចនារូបរាងលើ Pixel 5 គឺមិនមានអ្វីប្លែកទៀតទេ ព្រោះត្រូវបានគេរចនាមកស្រដៀងគ្នានឹង Pixel 4 នៅផ្នែកក្រោយ ខណៈខាងមុខវិញ គឺស្រដៀងគ្នាជាមួយ Pixel 4a កន្លងទៅ។ មិនខុសទេ លើកនេះនៅខ្នងខាងក្រោយរបស់វា ស្រោបដោយអាលុយមីញ៉ូម ដោយមានសេនស័រស្កេនស្នាមម្រាមដៃ នៅក្រោមកាមេរ៉ារាងការ៉េនោះ ខណៈពេលខាងមុខវិញ វាមានគែមអេក្រង់លាតកប់ទាំង 4 ជ្រុង ក្រាលការពារដោយកញ្ចក់ Gorilla Glass 6 ស្របគ្នានេះ វាក៏មានលេនទំលុះអេក្រង់មួយគ្រាប់ នៅផ្នែកខាងឆ្វេងនៃតួខ្លួនផងដែរ។ Pixel 5 បានបំពាក់អេក្រង់ទំហំ 6 អ៊ីញប្រភេទ OLED មានកម្រិតបង្ហាញ FHD+ (2340 x 1080 ភិចសែល) មានកម្រិតសមាមាត្រ 19.5:9 និងមានកម្រិត Refresh Rate 90Hz ដូចជំនាន់មុនដែរ។ ទៅលើផ្នែកកាមេរ៉ាវិញ វានៅតែមានចំនួន 2 គ្រាប់ ប៉ុន្តែលើកនេះ វាមានលេនគោលទំហំ 12.2MP ដោយមានមុខងារទប់លំនឹងទាំង OIS និង EIS មកជាមួយ ខណៈពេលមួយគ្រាប់ទៀតគឺជាលេនទូលាយ Ultra-Wide ទំហំ 16MP ដែលអាចថតប្លង់ទូលាយ 107 ដឺក្រេ ចំណែកកាមេរ៉ាមុខមួយគ្រាប់នោះវិញ គឺមានទំហំ 8MP ហ្នឹងឯង។


ចូលទៅដល់កម្លាំងម៉ាស៊ីនវិញ Pixel 5 បានប្រើប្រាស់ឈីបលំដាប់បង្គួរ Snapdragon 765G អាចគាំទ្រជាមួយ 5G បាន ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុក 128GB ប្រភេទ UFS 2.1 ហើយបើសិនជាអ្នកប្រើចង់ដាក់អង្គផ្ទុកពីខាងក្រៅបន្ថែមនោះ គឺមិនអាចទៅរួចឡើយនៅលើទូរសព្ទឆ្លាតម៉ូឌែលនេះ។ សម្រាប់ថាមពលថ្ម Google បានបំពាក់ថ្មឲ្យវាទំហំ 4,000mAh គាំទ្រកម្លាំងសាកល្បឿនលឿន 18W ហើយកាន់តែពិសេសនោះ វាក៏អាចគាំទ្រមុខងារសាកថ្មឥតខ្សែ និងមុខងារចែករំលែកថាមពលថ្ម ទៅឲ្យឧបករណ៍ដទៃទៀត ដោយមិនប្រើខ្សែបានដូចគ្នា។ សម្រាប់ចំណុចពិសេសរបស់វាផ្សេងទៀតមានដូចជា វាមានភ្ជាប់មកជាមួយ Speaker 2 គ្រាប់, មានអាវក្រោះការពារពេញលេញកម្រិត IP68 មួយវិញទៀតនោះ ដោយសារតែមានទំហំខ្លួនតូច ដូច្នេះទម្ងន់របស់វាក៏ស្រាលតាមនឹងដែរ ដោយត្រឹមតែ 151 ក្រាមប៉ុណ្ណោះ។ ទៅលើផ្នែកតម្លៃវិញ គឺមានតែមួយជម្រើសប៉ុណ្ណោះខ្ទង់ ២ លាន ៨០ ម៉ឺនរៀល ឬ 699 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ ចំណែកឯពេលវេលា ដែលមានលក់ទូទៅលើទីផ្សារនោះ គឺចាប់ពីពាក់កណ្ដាលខែក្រោយទៅតែម្ដង។


អញ្ចឹងហើយទាំងនេះ ជាចំណុចសំខាន់ៗមួយផ្នែកធំ ដែលមាននៅលើ Google Pixel 5 ដោយលើកនេះ វាមិនស្ថិតក្នុងឈ្មោះកំពូលទៀតទេ ព្រោះ Google សម្រេចប្រើឈីបបង្គួរនៅលើនោះជំនួសវិញ ប្រហែលជាគេចង់ផ្លាស់ប្តូរការប្រកួតប្រជែងថ្មី ប៉ុន្តែក្រៅពីឈីប យើងឃើញថា វាក៏មានមុខងារសំខាន់ៗជាច្រើន មិនក្រោមទូរសព្ទឆ្លាតកំពូលប៉ុន្មានឡើយ ជាក់ស្ដែងលើកនេះ វាមានអេក្រង់លាតកប់គែម ប្រសើរជាងមុនច្រើន, មានអាវក្រោះការពារទឹក, មុខងារសាកថ្មឥតខ្សែ ប៉ុន្តែយ៉ាងណា លើកនេះយើងមិនឃើញមានវត្តមានរន្ធដោតកាសទៀតទេ។



ប្រភព ÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next