ពួកមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយថាយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនប្រមាញ់ និងពិឃាត MQ-9 Reapers ឥឡូវត្រូវបានបញ្ចូលកម្មវិធី ( ប្រូក្រាម ) សំរាប់ប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងម្តុំ អាស៊ីអាគ្នេយ៍ ជាហេតុនាំអោយ ចិន ធ្វើការតវ៉ាទៅអាម៉េរិកយ៉ាងខ្លាំង ។សូមបញ្ជាក់ថាយាន MQ-9 Reaper មួយត្រូវបានអាម៉េរិកប្រើនៅឆ្នាំនេះដើម្បី ធ្វើឃាត មេបញ្ជាការកំពូល អ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី នៅក្រុង បាដាតកាលពី ខែមករា ។
ពួកអ្នកវិភាគនិយាយថា ដ្រូន ពិឃាតនេះអាចហោះ បាន ៤០ ម៉ោង និង កំពស់ខ្ពស់បំផុត ១,២ គីឡូម៉ែត្រ អាចផ្ទុកកាំជ្រួច ពីអាកាសទៅដីនិងគ្រាប់បែកបញ្ជា នាំផ្លូវដោយកម្មរស្មីឡាហ្ស៊ែរ រហូត ដល់ ទម្ងន់ ២,៥ តោន ។
តែអ្នកជំនាញសន្តិសុខ នៅក្រុង ប៉េកាំង បានច្រានចោល គំនិតបែបនេះ ដោយកាសែតរដ្ឋ ចិន Global Times បាននិយាយថា យាន MQ-9 នេះមិនជាការប្រឈម ធំទេសំរាប់ចិន ។
គេថាមេៗ យោធាអាម៉េរិក បានបញ្ជូន ដ្រូន ប្រដាប់អាវុធទំនើបបំផុត ទៅកាន់សមុទ្រ ចិន ខាងត្បូងជា ការឆ្លើយតប នឹងសមយុទ្ធរបស់ ចិន កាន់តែ គគ្រឹកគគ្រេង នៅក្នុងតំបន់ នេះអ្នកជំនាញអាកាសចរណ៍ចិន លោក ភូ គានស៊ាវ បាននិយាយថាដ្រូន ប្រភេទនេះ មិនមាន សមត្ថភាព បំបាំង ខ្លួន និង ហោះក្នុងល្បឿន យឺតហើយ ទាប ដែល ងាយស្រួល សំរាប់ការបំផ្លាញពីកង កាំជ្រួចពីដី ទៅអាកាស ។ យន្តហោះយកការណ៍ ប្រដាប់អាវុធតួយ៉ាង MQ-9 នេះអាចត្រូវបញ្ជូនទៅធ្វើ ប្រតិបត្តិការបានតែ ជាមួយប្រទេស តូចតាច ដែលមិន មាន កងកម្លាំងប្រដាប់អាវុធ ជឿនលឿន គឺប្រទេស មិនមាន សមត្ថភាព ដែនអាកាសគ្រប់គ្រាន់ ប៉ុណ្ណោះ ហើយ ដ្រូនអាម៉េរិក ជាច្រើន ត្រូវបានបាញ់ទម្លាក់ នៅបេសកកម្ម ស្រដៀងគ្នា ។
ព័ត៌មាន ស្តីពី ការបញ្ជូនចេញដ្រូន MQ-9 នេះ កើតឡើងនៅពេលចិនធ្វើសមយុទ្ធ យោធា ផ្សេងគ្នា ៥ ក្នុងពេលដំណាលគ្នានៅជិតឆ្នេររបស់ខ្លួន និងជា លើកទី ២ ក្នុងរយៈពេល ២ ខែមកនេះ ដែលចិនប៉េកាំងបានធ្វើសមយុទ្ធយោធា ច្រើនក្នុងពេលដំណាលគ្នាចំពេលតំបន់នេះមានការកើនឡើងភាព តានតឹង ។
រដ្ឋបាលសុវត្ថិភាពសមុទ្រ ចិនបាននិយាយថាសមយុទ្ធ ២ ត្រូវបានធ្វើឡើងនៅជិតប្រជុំកោះ ប៉ារ៉ា សែល ក្នុងសមុទ្រចិនខាងត្បូងមួយនៅសមុទ្រ ចិន ខាងកើត និងមួយនៅក្នុងសមុទ្រ បូហៃ ចាប់ពីថ្ងៃចន្ទមក ។ សមយុទ្ធមួយទៀតរួមមានការបាញ់គ្រាប់ពិតនៅផ្នែកនៃសមុទ្រ លឿងត្រូវចាប់ផ្តើមកាលពីថ្ងៃ ពុធ ទី៣០ កញ្ញា ។
កាលពីខែមុន ចិន បានប្រកាសធ្វើសមយុទ្ធ យោធា ៤ ក្នុងពេលដំណាលគ្នា ចាប់ពីសមុទ្រ បូហៃ ទៅសមុទ្រ ចិន ខាងកើត សមុទ្រលឿង រហូតដល់សមុទ្រ ចិនខាងត្បូង ដើម្បីហ្វឹកហាត់ និងរក្សាកម្លាំងត្រៀមប្រយុទ្ធ ៕
ប្រភព ÷ Khmer Make