ភ្នំពេញ ÷ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានផ្ញើសារជូនពរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេ៉រិក និង ភរិយា សូមឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ ។ នេះបើយោងតាមសារលិខិតចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ។ នៅក្នុងសារលិខិតជាភាសាអង់គ្លេស ដែល ចុះហត្ថលេខា ដោយសម្តេច តេជោ ហ៊ុន សែន បានថ្លែងថា ៖ « ឯកឧត្ដមជាទីគោរពរាប់អាន។ ខ្ញុំ និង ភរិយា មានកី្តក្រៀមក្រំជាពន់ពេកដោយបានទទួលដំណឹងថា ឯកឧត្តម ប្រធានាធិបតីព្រមទាំង លោកជំទាវបានឆ្លងមេរោគកូវីដ-១៩ ក្នុងខណៈពេលដែលសហរដ្ឋអាម៉េរិក និង ពិភពលោកកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺថ្មីនេះក៏ដូចជាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងជីវភាពប្រជាជន។ ខ្ញុំ និង ភរិយា សូមជូនពរស័ព្ទសាធុការដ៏បវរសូមឲ្យ ឯកឧត្តម និង លោកជំទាវឆាប់បានជាសះស្បើយឡើងវិញ និងមានសុខភាពល្អបរិបូរណ៍ ។ ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ » ។
សូមជម្រាបថាកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗ នេះ លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ឲ្យអន្តរជាតិបានដឹងថាលោក និង ភរិយា បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក គឺលោកស្រី ហូប ហីក បានឆ្លងជំងឺនេះ។ បច្ចុប្បន្ន លោក ត្រាំ កំពុងតែសម្រាកនៅមន្ទីរពេទ្យយោធាមួយកន្លែងដើម្បីទទួលកាតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕
ប្រភព: Khmer Make