Sony Xperia 5 Mark II
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Sony បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត Xperia 5 II នៅសហរដ្ឋអាមេរិក និងអឺរ៉ុបជាផ្លូវការហើយ ដោយវាស្ថិតនៅលំដាប់កំពូល ជាមួយនឹងម៉ូឌែល Xperia 1 II ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ។ លើកនេះ វាមានសមត្ថភាពកាន់តែខ្ពស់ ជាមួយនឹងតម្លៃខ្លួនក្រោម ៤ លានរៀលនៅស្រុកគេ។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះគឺថា Xperia 5 II ជាទូរសព្ទឆ្លាតដំបូងបង្អស់របស់ Sony មានបំពាក់មកជាមួយអេក្រង់ 120Hz និងផ្ដល់ជូនល្បឿនសម្គាល់ថាច់ដល់ 240Hz ថែមទៀតផង។
Xperia 5 II វាមានការឌីហ្សាញស្រដៀងទៅនឹង Xperia 1 II អញ្ចឹងដែរ ដោយគ្រាន់តែមានទំហំអេក្រង់ត្រឹម 6.1 អ៊ីញ ជាបន្ទះបង្ហាញប្រភេទ OLED ( Full HD+ ) បូកថែមពីលើកម្រិត 120Hz Refresh Rate និងមានល្បឿនសម្គាល់ថាច់ដល់ 240Hz ព្រមទាំងមានកម្រិត Aspect Ratio 21:9 ផងដែរ។ Sony បាននិយាយប្រាប់ថា វាជាបន្ទះអេក្រង់ដិតច្បាស់ ដែលអាចគាំទ្រជាមួយ HDR និងជំនួយដល់ស្ថានភាពមានព្រាល ( Motion Blur ) ធ្វើឲ្យមើលឃើញច្បាស់គ្រាន់បើ ហើយវាទូរសព្ទឆ្លាតមុនដំបូងគេ មានបំពាក់ជាមួយបច្ចេកវិទ្យានេះ។ យើងទទួលបានឈីបលំដាប់កំពូល Snapdragon 865 ជាមួយរ៉េមទំហំ 8GB និមានអង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ព្រមទាំងអាចបន្ថែមអង្គផ្ទុកពីខាងក្រៅបានថែមទៀតផង។
Xperia 5 II មានកាមេរ៉ាខាងក្រោយសរុបចំនួន 3 គ្រាប់ទំហំ 12MP ទាំងអស់តែម្ដង ដោយកាមេរ៉ាដើមជាប្រភេទ 24mm/F1.7 ( OIS ) លេនទីពីរជាកាមេរ៉ាពង្រីកបាន 3x ជាប្រភេទ 70mm/F2.4 ( OIS ) លេនទីបីជាកាមេរ៉ាផ្លង់ទូលាយ ( Ultra Wide ) ជាប្រភេទ 16mm/F2.2 Dual Pixel Autofocus។ Xperia 5 II មានកាមេរ៉ាខាងមុខចំនួន 1 គ្រាប់ទំហំ 8MP ប្រភេទ 24mmផងដែរ។ វាអាចថតសន្លឹក JPG+RAW បាន និងការថតវីដេអូបែបយឺត 4K/120FPS ក៏អាចថតជាប្រភេទ HDR បានដែរ ដោយរួមមានទាំងមុខងារ Eye Autofocus ( ចាប់បានទាំងភ្នែកមនុស្ស និងសត្វ ) ហើយអាចថតរូបភាព 20 សន្លឹកក្នុងមួយវិនាទីបាន។
ចំពោះថាមពលថ្មរបស់វាមានទំហំ 4,000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿនដល់ 21W ប៉ុន្ដែទទួលបានដុំសាកកម្លាំង 18W ក្នុងប្រអប់ប៉ុណ្ណោះ ដែលអាចសាកចាប់ពី 0% ដល់ 50% ក្នុងរយៈពេលប្រមាណ 30 នាទី។ ក្រៅពីនេះ វាក៏មានអាវក្រោះការពារទឹកនិងធូលី IP68/IPX5 កញ្ចក់ការពារ Gorilla Glass 6 ទាំងខាងមុខខាងក្រោយ រន្ធដោតកាស 3.5mm សម្លេង Speaker ប្រភេទ Stereo នៅពីខាងមុខ មានជម្រើសពណ៌ខ្មៅ ប្រផះ ខៀវ និងពណ៌ផ្កាឈូក។
Sony មានគម្រោងដាក់ឲ្យកុម្ម៉ង់ទូរសព្ទឆ្លាត Xperia 5 II នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2020 ជាមួយនឹងតម្លៃខ្ទង់ ៣ លាន ៨០ ម៉ឺនរៀលឡើងទៅ និងដាក់លក់ជាផ្លូវការនៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះហើយ ដោយទីផ្សារដទៃៗទៀត នឹងអាចមានលក់នៅអំឡុងត្រីមាសទី 4 នោះដែរ។ លក្ខណៈសម្បត្តិទាំងអស់នេះ ប្រាកដជាធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងចង់បានវាជាម្ចាស់មិនខាន ប៉ុន្ដែចំពោះតម្លៃខ្លួនរបស់វា ក៏មិនសមរម្យនោះដែរ បើប្រៀបធៀបទៅនឹង ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុនផ្សេងៗទៀត។
***សូមចុចទស្សនាវីដេអូខាងក្រោមនេះ÷
ប្រភព ÷ Cambo Report