សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលធ្វើឱ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរដោយបានប្រើប្រាស់ឧបករណ៍បង្រ្កាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្ដាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច ២៤អង្គ/នាក់ដួលសន្លប់និងរងរបួសធ្ងន់និងស្រាល។ នេះបើតាមការរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស នាព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងប្រចាំនៅតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈនិងទទួលខុសត្រូវខ្ពស់ក្នុងការប្រកាន់ខ្ជាប់ខ្ជួនបំផុតនូវកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។ សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យបានជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្រ្គោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើហិង្សា របស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋនិងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំGBC និងRBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុច២ មាត្រា៤ នៃMOUឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាធរមាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូចឱ្យភាគីថៃគោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នាដើម្បីបញ្ចៀសការប៉ះទង្គិចដែលនាំដល់ការផ្ទុះអាវុធសាជាថ្មី៕ ដោយ៖ គង់ សិរីរ័ត្ន AKP