(បរទេស)÷ បរិយាកាសដ៏ស្តើងនៃភពព្រះអង្គារ (Mars) ពិតជាងាយទទួលរងការវាយប្រហារ ពីកាំរស្មីមរណៈនៃទីអវកាស (cosmic rays) និងភាគល្អិតដែលមានថាមពលខ្ពស់ (high-energy particles) ដែលអាចបំផ្លាញវត្តមាននៃ អាស៊ីដអាមីណូ (amino acids) និងម៉ូលេគុលសារីរាង្គ (organic molecules) ផ្សេងៗទៀតបាន។
ការសិក្សាថ្មីរបស់អង្គការអវកាសអាមេរិក NASA បានរកឃើញថា ម៉ូលេគុលទាំងឡាយខាងលើនេះ តែងតែបែកខ្ញែកលឿនជាងអ្វី ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានប៉ាន់ស្មានពីមុន។ ហេតុដូច្នេះទើបមានការផ្តល់យោបល់ថា បេសកកម្ម NASA ក្រោយទៀត គួរតែជីកចូលទៅក្នុងដីភពអង្គារ យ៉ាងហោចណាស់ឲ្យដល់ជម្រៅ «២ម៉ែត្រ» ដើម្បីរកមើលវត្តមាន អាស៊ីដអាមីណូ និងម៉ូលេគុលសារីរាង្គផ្សេងៗទៀត ដែលជាភស្តុតាងសំខាន់បំផុតអាចបញ្ជាក់ថា ភពអង្គារពិតជាធ្លាប់មានជីវិត។
ហេតុអ្វីបានជាភស្តុតាង «អាស៊ីដអាមីណូ» មានសារៈសំខាន់?
អាស៊ីដអាមីណូអាចត្រូវបានបង្កើតឡើងដោយជីវិតផង និងសារធាតុគីមីមិនពាក់ព័ន្ធនឹងជីវិត (non-biological chemistry) ផង។ ការស្វែងរកឃើញដាននៃអាស៊ីដអាមីណូ នៅលើភពអង្គារនោះ នឹងត្រូវចាត់ទុកថា ជាភស្តុតាងដ៏សំខាន់មួយ ដែលយើងអាចឈានទៅសន្មត់ថា ភពក្រហមនេះធ្លាប់មានជីវិត នៅក្នុងទម្រង់ណាមួយ ព្រោះអាស៊ីដអាមីណូ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយជីវិតនៅលើផែនដី ដើម្បីបង្កើតប្រូតេអ៊ីន (proteins)។ ប្រូតេអ៊ីនមានសារៈសំខាន់ណាស់សម្រាប់ជីវិត ដោយសារពួកវាត្រូវបានប្រើប្រាស់ ដើម្បីបង្កើតអង់ស៊ីម (enzymes) ដែលមានតួនាទីបង្កើនល្បឿន ឬគ្រប់គ្រងប្រតិកម្មគីមី និងដើម្បីបង្កើតរចនាសម្ព័ន្ធជីវិត។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន Goddard របស់អង្គការ NASA បានពន្យល់ថា អាស៊ីដអាមីណូងាយនឹងត្រូវបំផ្លាញ ដោយកាំរស្មីមរណៈពីទីអវកាស ជាពិសេសប្រសិនបើពួកវាស្ថិតនៅ លើផ្ទៃស្រទាប់លើនៃភពអង្គារ ដែលងាយប៉ះត្រូវកាំរស្មីទាំងនោះ។ កន្លងមកបេសកកម្មស្រាវជ្រាវភពអង្គារ បានជីកទៅក្នុងជម្រៅដីតែ ៥សង់ទីម៉ែត្រប៉ុណ្ណោះ ហើយសម្រាប់ជម្រៅនេះ អាស៊ីដអាមីណូ អាចនឹងរលាយបាត់នៅក្នុងរយៈពេល ២០លានឆ្នាំ។ ២០លានឆ្នាំសម្រាប់មនុស្ស គឺពិតជាពេលវេលាដ៏វែងឆ្ងាយ ប៉ុន្តែសម្រាប់ទីអវកាសវិញ វាជាថេរវេលាមួយ ដែលស្ទើរតែមិនអាចធ្វើឲ្យអ្វីមួយប្រែប្រួល គួរឲ្យកត់សម្គាល់នោះឡើយ។
ដូច្នេះទើបការណែនាំអំពីការជីកដីភពអង្គារ ទៅក្នុងជម្រៅយ៉ាងហោចណាស់ ២ម៉ែត្រនោះ គឺជាជម្រើសដ៏ប្រសើរបំផុតមួយ ព្រោះវត្តមានដាននៃជីវិតទាំងនោះ នឹងអាចនៅរក្សាវត្តមានបាន ដោយសារតែពួកវាមិនទទួលរងកាំរស្មីគ្រោះថ្នាក់ ពីទីអវកាស ដែលបរិយាកាសដ៏ស្តើងនៃភពអង្គារ មិនអាចការពារពួកវាបាន។
រាប់ទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ភពអង្គារធ្លាប់មានបរិស្ថានស្រដៀងភពផែនដី (មានបរិយាកាសក្រាស និងទឹកពាសពេញផ្ទៃស្រទាប់លើ) ឬសូម្បីតែជីវិតនៅក្នុងទម្រង់ផ្សេងៗផងដែរ កាលពីរាប់ពាន់លានឆ្នាំមុន។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននេះ ភពអង្គារគឺស្ងួតហួតហែង និងគ្មានជីវិតណា អាចរស់នៅទីនោះបានឡើយ។ តែយ៉ាងណា ការស្វែងរកដាននៃជីវិតដែលធ្លាប់កើតមាន គឺជាបេសកកម្មធំបំផុត សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនៅពេលនេះ និងថ្ងៃអនាគត។
តើ NASA មានគម្រោងបញ្ជូនបេសកកម្មថ្មី ដើម្បីទៅជីកដីភពអង្គារហើយឬនៅ?
ជាការពិតមិនអាចប្រកែកបាន, បេសកកម្ម InSight ដែលបានទៅដល់ភពព្រះអង្គារ កាលពីចុងឆ្នាំ ២០១៨ គឺត្រូវបានបង្កើតឡើងដើម្បីជីកចូលក្នុងដីភពអង្គារ ឲ្យដល់ជម្រៅ ៥ម៉ែត្រឯណោះ, មិនមែនតែ ២ម៉ែត្រនោះឡើយ។ ប៉ុន្តែដោយសារដៃខួង (mole) នៅជាមួយគ្រឿងយន្ត InSight បានជួបបញ្ហា ទើបវាអាចខួងបានជម្រៅតែ ប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ។ មកទល់នឹងពេលនេះ អង្គការ NASA មិនទាន់បង្ហើបអំពីគម្រោងថ្មី ដើម្បីជំនួស InSight នៅឡើយទេ ប៉ុន្តែសកកម្ម Curiosity និង Perseverance ដែលកំពុងស្ថិតនៅភពអង្គារស្រាប់នោះ គឺស្ថិតក្នុងគោលដៅស្វែងរកដាននៃជីវិត ដែលអាចធ្លាប់កើតមានលើភពអង្គារនោះដដែល។
ទោះជាបែបនេះក្តី, ទាំង Curiosity និង Perseverance ជាដើម សុទ្ធតែមានតួនាទីក្នុងការតាមដានរក ដាននៃជីវិតនៅលើភពអង្គារ ប៉ុន្តែសម្រាប់ភស្តុតាងណាមួយ ដែលត្រូវបានរកឃើញដោយគ្រឿងយន្តទាំងពីរនេះ នឹងមិនអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសន្មត់ឲ្យដល់កម្រិត ១០០% ថា ជាសញ្ញានៃជីវិតនោះឡើយ ព្រោះភស្តុតាង ឬដានទាំងនោះ អាចត្រូវបានបង្កើតឡើងដោយ សារធាតុគីមីមិនពាក់ព័ន្ធនឹងជីវិត (non-biological chemistry) តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដោយសារគ្រឿងយន្តទាំងពីរនេះ មិនអាចជីកដី ឬថ្មភពអង្គារបានជ្រៅ, ហេតុដូច្នេះម៉ូលេគុលសារីរាង្គ ដែលរកឃើញដោយពួកវា អាចត្រឹមជាអ្វីដែលត្រូវបានប្រែប្រួល តាមពេលវេលារួចទៅហើយ និងមិនមែនជាទម្រង់ដើមរបស់ពួកវានោះឡើយ៕
ប្រែសម្រួល÷ Cambo Space (រក្សាសិទ្ធិ)
ប្រភព÷ NASA (ថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២)