តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ(ស៊ូ សុធា)គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើហើយតែងតែដេកអង្រឹងលើរោងទ្រុងក្រពើតែម្នាក់ឯង ។ លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណ១កេះ (២៤កំប៉ុង) ហើយក៍បែកគ្នារៀងៗខ្លួន។ រីឯជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១.០០នាទីយប់ គេលឺសំលេងស្រែកដល់ផ្អើលអ្នកផ្ទះជិតខាងនិងអ្នកក្នុងផ្ទះ ខណះនោះនាំគ្នាក្រោកទៅមើលចំណុចកើត ហេតុ(រោងដេកលើទ្រុងក្រពើ)ខណះនោះបានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយពួកគេនាំគ្នាយកឈើជួយវាយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យភ្លាមៗ។
យោងតាមសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ ឃើញថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ។ ដោយឡែកទ្រុងជនរងគ្រោះដែលធ្លាក់ចូល គឺទ្រុងទំហំ១០ម៉ែត្រ×១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ × ៨ម៉ែត្រ ក្នុងនោះមានសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល (ធំៗ)។ តាមការសន្និដ្ឋាន ជនរងគ្រោះអាចក្រោកទៅនោមរអិលជើងធ្លាក់ចូលក្នុងអាងសត្វក្រពើ ។ ទោះជាយ៉ាងណាក៍ដោយពលរដ្ឋសូមសំណូមពរអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះសត្វក្រពើមិនស្គាល់ម្ចាស់ទេ ។
ប្រភព÷ CHN Channel News