Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Redmi K50 Pro បំពាក់ឈីបកំពូល Dimensity 9000 អេក្រង់ 2K 120Hz


ថ្មីៗនេះ Xiaomi ទើបប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលរបស់ខ្លួនចំនួនពីរម៉ូឌែលរួមមាន Redmi K50 និង K50 Pro ដោយវាទាំងមានការឌីហ្សាញរូបរាងខាងក្រៅដូចគ្នាទាំងស្រុងតែម្ដង ដោយខុសគ្នាតែទៅលើលក្ខណៈសម្បត្តិខាងក្នុងប៉ុណ្ណោះ។


សម្រាប់ផ្នែកអេក្រង់ Redmi K50 ថ្មីទាំងពីរម៉ូឌែលខាងលើបានប្រើប្រាស់ទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ QHD+ ជាមួយគ្នានឹងល្បឿន Refresh Rate 120Hz មិនខុសពីទូរសព្ទកំពូលដទៃទៀតនាពេលបច្ចុប្បន្ននេះទេ។ កាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ដូចគ្នា ប៉ុន្តែម៉ូឌែល Pro មានបំពាក់មកដល់សេនស័រគោលទំហំ 108MP ជាមួយគ្នានឹងលេនទូលាយ Ultrawide ទំហំ 8MP និងមួយគ្រាប់ចុងក្រោយគ្រាន់តែជាលេន Macro 2MP ប៉ុណ្ណោះ។ ចំណែកម៉ូឌែល Redmi K50 ធម្មតា វាប្តូរមកប្រើប្រាស់លេនគោលទំហំ 48MP វិញ ខណៈពីរគ្រាប់ទៀត គឺមិនខុសពីម៉ូឌែល Pro ឡើយ។ ដើម្បីថត Selfie ទូរសព្ទទាំងពីរនេះប្រើកាមេរ៉ាជាលេនទំលុះអេក្រង់មួយគ្រាប់ទំហំ 20MP ដូចគ្នា។


ទៅមើលកម្លាំងម៉ាស៊ីន ក៏ជាចំណុចខុសគ្នារវាងម៉ូឌែលទាំងពីរដែរ ដោយម៉ូឌែលធម្មតាប្រើប្រាស់ឈីប Dimensity 8100 របស់ MediaTek ខណៈម៉ូឌែល Pro ឡើងដល់ឈីបកំពូល Dimensity 9000 ដែលមានសមត្ថភាពមិនក្រោម Snapdragon 8 Gen 1 របស់ Qualcomm នោះទេ។


Redmi K50 បំពាក់ថាមពលថ្មទំហំដល់ 5,500mAh ជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 67W ខណៈម៉ូឌែល Pro មានថ្ម 5,000mAh ប៉ុន្តែមានកម្លាំងសាកល្បឿនលឿនដល់ទៅ 120W ឯណោះ។


យ៉ាងណាក៏ដោយ សេនស័រស្កេនស្នាមម្រាមដៃក្រោមអេក្រង់នៅតែមិនមានដដែល ដោយ Xiaomi ដាក់ឲ្យជាមួយប៊ូតុង Power វិញ។ ទៅលើតម្លៃ ក្នុងពេលនេះ Xiaomi ប្រកាសប្រាប់តែក្នុងទីផ្សារចិនប៉ុណ្ណោះ ដោយចាប់ផ្តើមពី 378 ដុល្លារឡើងទៅ សម្រាប់ Redmi K50 ជម្រើសរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB ចំណែកឯម៉ូឌែល Redmi K50 Pro មានតម្លៃចាប់ផ្តើមឡើងពី 472 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលដែលមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB។


ប្រភព÷ Cambo Report



ពីមុន / Previous បន្ទាប់ / Next