នៅក្នុងព្រឹត្តិការណ៍កាលពីយប់មិញនេះ Apple ពិតជាបានប្រកាសចេញ iPhone SE ជំនាន់ទី ៣ មកដូចការរំពឹងទុកមែន ហើយអ្វីដែលកាន់តែដូចការរំពឹងទុកនោះ គឺវាពិតជាបន្តប្រើប្រាស់រូបរាងដដែល និងត្រូវបាន Apple ផ្លាស់ប្តូរតែផ្នែកខាងក្នុងប៉ុណ្ណោះ។
អេក្រង់របស់ iPhone SE ជំនាន់ថ្មី នៅតែមានទំហំ ៤.៧ អ៊ីញជាប្រភេទ LCD មិនខុសពីលើកមុនទេ ប៉ុន្តែវាត្រូវបានក្រាលការពារដោយកញ្ចក់រឹងមាំជាងមុន ដូចនៅលើ iPhone 13 ដែរ។ កាមេរ៉ា 12MP នៅខាងក្រោយមួយគ្រាប់របស់វាលើកនេះ ក៏ត្រូវបាន Apple បង្កើនសមត្ថភាពឲ្យប្រសើរជាងមុនដែរ ជាក់ស្ដែងវាទទួលបានមុខងារថ្មីៗជាច្រើនដូចជា Deep Fusion, Photographic Styles, Portrait Mode និង Smart HDR 4 ជាដើម។
លើកនេះ iPhone SE ទទួលបានឈីបកំពូល A15 Bionic ដូចនៅលើ iPhone 13 អញ្ចឹង ដោយមានបំពាក់ CPU 6-Core និង GPU 4-Core ដែលធ្វើឲ្យវាមានល្បឿនលឿនជាង iPhone 8 ខ្ទង់ ១.៨ ដងសម្រាប់ផ្នែក CPU និងលឿនជាង ២.២ ដងសម្រាប់ផ្នែក GPU។
ទន្ទឹមគ្នានេះដែរ ឈីបថ្មីក៏បាននាំយកបច្ចេកវិទ្យា 5G មកកាន់ iPhone SE ជំនាន់ទី ៣ ដូចគ្នា ហើយកាន់តែប្រសើរ ឈីបនេះក៏ជួយឲ្យវាមានថាមពលថ្មអាចរស់បានយូរម៉ោងជាងមុនផងដែរ។ ជម្រើសពណ៌សម្រាប់ iPhone SE ជំនាន់ថ្មីគឺមាន ៣ ប្រភេទដូចជា Midnight, Starlight និង Product (RED) នោះឯង។
Apple ផ្តល់ជម្រើសអង្គផ្ទុកឲ្យ ៣ ប្រភេទគឺ 64GB, 128GB និង 256GB ហើយសម្រាប់តម្លៃវិញ ត្រូវបានគេដាក់លក់ថ្លៃជាង iPhone SE ឆ្នាំ ២០២០ ទៅទៀត ជាក់ស្ដែងលើកនេះវាមានតម្លៃចាប់ផ្តើមពីខ្ទង់ ៤២៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ពេលវេលាចេញលក់ផ្លូវការលើទីផ្សារសហរដ្ឋអាមេរិក គឺនឹងចាប់ផ្តើមពីថ្ងៃទី ១៨ ខែមីនា នេះតទៅ៕
ប្រភព÷ Cambo Report