ទោះបីជាទូរសព្ទម៉ូឌែល Reno7 Series ធ្លាប់បានចេញជាផ្លូវការ នៅក្នុងប្រទេសមួយចំនួនហើយក៏ពិតមែន ដោយឡែក មកដល់ពេលថ្មីៗនេះ ក៏ប្រទះឃើញមានម៉ូឌែលថ្មីមួយទៀត នោះគឺត្រូវជាម៉ូឌែល Reno7 Z 5G ផងដែរ។ វាកំពុងតែត្រូវបាន OPPO ត្រៀមប្រកាសចេញតាមប្រទេសមួយចំនួន ប៉ុន្ដែសម្រាប់ប្រទេសយើង អាចនឹងត្រូវរង់ចាំមួយរយៈពេលខ្លីទៀត។
ទោះបីជាវាមានរូបរាងស្រដៀងគ្នាទៅនឹង Reno7 Series ក៏ពិតមែន ប៉ុន្ដែនៅត្រង់ផ្នែកកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយរបស់វា គឺមានការឌីហ្សាញប្លែកពីគេ។ អ្វីដែលកាន់តែថ្មីប្លែកនោះគឺថា វាមានភ្លើងនៅរង្វង់កាមេរ៉ា សម្រាប់នៅពេលមានសារដំណឹងថែមទៀតផង។ ចំណែកឯផ្នែកលក្ខណៈសម្បត្តិត្រួសៗវិញ វាមានប្រព័ន្ធ 5G ក៏ដូចជាអាចមានថាមពលថ្មទំហំ 4,500mAh ជាមួយកម្លាំងដុំសាក 33W មាននៅក្នុងប្រអប់ស្រាប់។
គួរឲ្យសោកស្ដាយ នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានដំណឹងបន្ថែមអំពី ថ្ងៃដែល OPPO ត្រៀមប្រកាសចេញ Reno7 Z 5G នេះក្នុងស្រុកយើង ឬក៏ព័ត៌មានលំអិតលើសេនស័រកាមេរ៉ា និងផ្នែកផ្សេងៗទៀតរបស់ Reno7 Z 5G នោះទេ។ ដូច្នេះហើយ យើងមានតែរង់ចាំតាមដានបន្ដប៉ុណ្ណោះ។
ប្រភព÷ Cambo Report