ស្បូនជាផ្នែកសំខាន់មួយនៃរាងកាយរបស់មនុស្សស្រីយើង ហើយវាមានតួនាទីចាំបាច់ក្នុងការបង្កកំណើត ក៏ដូចជាការបញ្ចេញវដ្ដរដូវ។ ជួនកាល ស្បូនយើងក៏ងាយនឹងប្រឈមកើតជំងឺធ្ងន់ស្រាលផ្សេងៗដូច គីស មហារីក ឬរលាកមាត់ស្បូនក៏មាន។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានបកស្រាយឲ្យដឹងថា ជំងឺរលាកមាត់ស្បូន( Cervical Etropion ) ត្រូវបានកំណត់ដោយមានវត្តមាននៃកោសិកាដែលនៅក្នុងបំពង់មាត់ស្បូន លូតលាស់ចេញមកតំបន់ មាត់ស្បូនក្រៅដែលមានកាំរង្វង់លើសពី ៥ មិល្លីម៉ែត្រ។
ដោយសារមូលហេតុអីទើបបណ្ដាលឲ្យកើតជំងឺរលាកមាត់ស្បូន?
ជំងឺរលាកមាត់ស្បូននេះ បង្កឡើងដោយមូលហេតុមួយចំនួនដូចជា៖
– ជាការវិវត្តដោយធម្មជាតិនៃមាត់ស្បូន
– សម្រាលកូន មាត់ស្បូនដាច់ខូចខាត
– រំលូតកូនដោយ កោស បឺតដោយសឺរ៉ាំងច្រើនដង
– កើតមានក្នុងអំឡុងពេលពពោះ។
បើកើតជំងឺរលាកមាត់ស្បូន មានរោគសញ្ញាយ៉ាងម៉េច?
ក្នុងករណីដែលស្ត្រីកើតជំងឺរលាកមាត់ស្បូននេះ វានឹងបង្ហាញចេញរោគសញ្ញាមួយចំនួនរួមមាន៖
– ធ្លាក់ស មានជាតិរម្អិលថ្លាៗ តិច ឬច្រើន
- ប្រសិនមានការរលាកទ្វារមាសដោយមេរោគ គួបផ្សំ និងធ្វើឲ្យជាតិរម្អិល ប្ដូរពណ៌ និងមានក្លិនស្អុយ។ល។
លោកបន្តថា បញ្ហារលាកមាត់ស្បូននេះ ក៏ផ្ដល់ផលពិបាកទៅដល់អ្នកជំងឺដែរដូចជា
ទី១. ធ្វើឲ្យមានវិបត្តិគ្មានកូន ដោយសារការរលាកមាត់ស្បូនរាំងស្ទះដល់ការធ្វើដំណើររបស់មេជីវិតឈ្មោលចូលទៅក្នុងស្បូន។
ទី២. ធ្វើឲ្យមានការរលាកទ្វារមាស ញឹកញាប់ ព្យាបាលហើយតែងតែលេចឡើងមកវិញ។
បន្ថែមពីលើនេះ បើរលាកមាត់ស្បូនតិចតួច និងព្យាបាលដោយថ្នាំហើយតាមដានការវិវត្តរបស់បញ្ហារលាកមាត់ស្បូនថា តើអាចជាសះស្បើយមកដូចសភាពធម្មតាវិញឬក៏អត់។ ប៉ុន្តែ ប្រសិនបើមានការរលាកមាត់ស្បូនខ្លាំង ត្រូវព្យាបាលដោយការបំផ្លាញកោសិការលាកនោះ៕
ប្រភព: Hello Krupet