កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មី ស្ថិតនៅត្រកូល P Smart របស់ខ្លួនជាផ្លូវការហើយ ដោយវាមានឈ្មោះជាផ្លូវការ Huawei P Smart 2021 ដែលវានឹងត្រូវដាក់នៅលើទីផ្សារអឺរ៉ុប។ ទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Huawei ម៉ូឌែលនេះ បានប្រើប្រាស់បន្ទះឈីប Kirin ក៏ដូចជាបានភ្ជាប់មកជាមួយថាមពលថ្មធំទៀតផង។
ជាក់ស្ដែង ទូរសព្ទឆ្លាតលំដាប់មធ្យម Huawei P Smart 2021 បានបំពាក់មកជាមួយអេក្រង់លាតទំហំ 6.67 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ហើយវាជាទូរសព្ទដំបូងគេរបស់ Huawei ដែលបានបំពាក់មកជាមួយលេនទម្លុះអេក្រង់ នៅចំកណ្ដាលផ្នែកខាងលើថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីនវិញ Huawei P Smart 2021 ប្រើប្រាស់បន្ទះឈីប Kirin 710A គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចបន្ថែម MicroSD ពីខាងក្រៅបានផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា Huawei P Smart 2021 បានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 8MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 48MP Aperture f/1.8 មួយគ្រាប់ទៀតជាលេនទូលាយ ( Ultra-Wide ) កម្រិត 120 ដឺក្រេ ទំហំ 8MP Aperture f/2.4 បូកទំហំ 2MP ជា Depth Sensor f/2.4 និងមួយគ្រាប់ចុងក្រោយមានទំហំ 2MP f/2.4 ជាលេន Macro។ លើសពីនេះ វាបានភ្ជាប់មកជាមួយថ្មដល់ទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 22.5W និងបានដំណើរការដោយ Android 10 ជាមួយស្បែក EMUI 10.1។ ក្រៅពីនេះ P Smart ស៊េរីឆ្នាំ 2021 មានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា ប្រើស៊ីមបាន 2, Bluetooth 5.1, NFC, GPS, USB-C និងមានរន្ធដោតកាស 3.5mm ជាដើម។
ជាចុងក្រោយ Huawei P Smart 2021 មានវិមាត្រ 165.65 x 76.88 x 9.26mm ជាមួយទម្ងន់ 206 ក្រាម និងបានកើតមកជាមួយជម្រើសពណ៌ចំនួន 3 ក្នុងនោះរួមមានដូចជា Midnight Black, Brush Gold និងពណ៌ Crush Green។ សម្រាប់ទីផ្សារអឺរ៉ុប Huawei P Smart 2021 ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ លាន ៦ ម៉ឺនរៀល ( 266 ដុល្លារ ) សម្រាប់ជម្រើសរ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB និងសម្រាប់ជម្រើសរ៉េម 8GB + អង្គផ្ទុកទិន្នន័យ 128GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ លាន ១២ ម៉ឺនរៀល ( 282 ដុល្លារ )។
សូមចុចទស្សនាវីដេអូខាងក្រោមនេះ
ប្រភព ÷ Cambo Report