កាលពីម្សិលមិញនេះក្រុមហ៊ុន Vivo បានបញ្ជាក់ថាខ្លួននឹងដាក់បង្ហាញស្មាតហ្វូនដែលផ្តោតលើការថត Selfie របស់ខ្លួន នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ហើយវាមានឈ្មោះហៅជាផ្លូវការថា Vivo S7 5G។ ហើយនៅថ្ងៃនេះក្រុមហ៊ុន Vivo ក៏បានចែករំលែករូបភាពនៃផ្នែកខាងក្រោយដ៏ទាក់ទាញរបស់ Vivo S7 5G ដើម្បីបង្ហាញពីការរចនាកាមេរ៉ាទាំងបីគ្រាប់របស់វាផងដែរ។
ដូចបានឃើញនៅក្នុងរូបភាពស្រាប់ Vivo S7 5G មានផ្នែកខាងក្រោយពណ៌គួរអោយទាក់ទាញ។ គែមខាងស្តាំនៃទូរស័ព្ទមានប៊ូតុងបញ្ហាសំឡេង និងប៊ូតុង Power។ ចំណែកឯផ្នែកខាងក្រោមយើងក៏សង្កេតឃើញមានរន្ធបំពងសម្លេង រន្ធសាកប្រភេទ USB-C និងរន្ធស្រូបសំលេង។
Vivo S7 5G មានការតំឡើងកាមេរ៉ាដែលលាតសន្ចឹងនៅផ្នែកខាងក្រោយ។ ហើយការរចនានៃកាមេរ៉ាទាំងបីគ្រាប់របស់វាគឺស្រដៀងគ្នាទៅនិង Vivo X50 ដែលទើបតែប្រកាសចេញកាលពីពេលថ្មីៗនេះ។ ហើយនៅខាងក្រោមកាមេរ៉ាទាំងបីគ្រាប់របស់វានោះយើងក៏ឃើញមានភ្លើង Flash LED មួយគ្រាប់ផងដែរ។
ហើយក៏មានពាក្យចចាមអារ៉ាមថាកាមេរ៉ាខាងក្រោយរបស់ Vivo S7 5G មានកាមេរ៉ាគោលទំហំ 64 មេហ្គាភិចស៊ែល 8 មេហ្គាភិចស៊ែលជាលេន ultra-wide និងមួយគ្រាប់ចុងក្រោយគេទំហំ 13 មេហ្គាភិចស៊ែលគឺជាលេន Portrait។ រូបភាពរបស់ Vivo S7 5G ដែលបានបែកធ្លាយកាលពីម្សិលមិញនេះបានបង្ហាញថាស្មាតហ្វូននេះមានថ្ងាសឆកដែលជាកន្លែងសម្រាប់ដាក់កាមេរ៉ាថតរូបពីរគ្រាប់។ ដោយមួយគ្រាប់មានទំហំ 44 មេហ្គាភិចស៊ែលនិងមួយគ្រាប់ទៀតជាសេនស័រជំនួយ ទំហំ 8 មេហ្គាភិចស៊ែល។
Vivo S7 5G ត្រូវបានគេរំពឹងថានឹងមានអេក្រង់ប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD +។ S7 5G បំពាក់មកជាមួយបន្ទះឈីបរបស់ Qualcomm គឺ Snapdragon លេខ 765G និងអាចសាកថ្មបានលឿនកំលាំង 33W ។
ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះ S7 5G របស់ Vivo។ អ្នកអាចចែករំលែកមតិយោបល់តាមរយៈប្រអប់ comment ខាងក្រោមនេះបាន។
ប្រភព៖ Playfuldroid