Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

អូស្ត្រាលីស្វែងរកការបង្កើនគុណភាពកម្មវិធីអាហារូបករណ៍អូស្ត្រាលីសម្រាប់កម្ពុជា

 


គិតមកដល់ឆ្នាំ២០២៥នេះកម្មវិធីអាហារូបករណ៍អូស្ត្រាលីសម្រាប់កម្ពុជា មានអាយុកាល៣១ឆ្នាំហើយ ពោលគឺចាប់តាំង ពីឆ្នាំ ១៩៩៤មក ប្រជាជនកម្ពុជាប្រមាណ ២១ ៨០០នាក់ បានទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីនៅគ្រប់កម្រិត ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ ហើយបាន ក្លាយទៅជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។


ទន្ទឹមនេះស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានបង្ហាញបំណងដើម្បីស្វែងរកធាតុចូលក្នុងការកែតម្រូវ ព្រមទាំងលើកទិសដៅបន្តសម្រាប់ការអនុវត្តកម្មវិធីអាហារូបករណ៍អូស្រ្តាលីសម្រាប់កម្ពុជា។


កិច្ចប្រឹងប្រែងនេះបានធ្វើឡើងតាមរយៈជំនួបជាមួយគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងអប់រំ យុវជននិងកីឡា។


កម្មវិធីអាហារូបករណ៍អូស្ត្រាលី មានមោទនភាពចំពោះវឌ្ឍនភាពនៃបរិយាបន្នរបស់កម្មវិធី។ ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ចំនួនស្ត្រីដែលទទួលបានអាហារូបករណ៍អូស្ត្រាលីបានកើនឡើង ជាង ៦០ ភាគរយ។ កម្មវិធីនេះក៏បានជួយ ដល់ជនដែលមានពិការភាពនៅកម្ពុជាមួយចំនួន ឱ្យបន្តក្តីស្រម៉ៃរបស់ពួកគេ ហើយនិស្សិតអាហារូបករណ៍អូស្ត្រាលីសម្រាប់ជនជាតិដើមភាគតិចដំបូងគេបង្អស់ពីប្រទេសកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗខាងមុខនេះ។


សូមរម្លឹកថាកម្មវិធីអាហារូបករណ៍ អូស្ត្រាលី Australia Awards Cambodia ឆ្នាំសិក្សា ២០២៥ នេះជ្រើសរើសបាននិស្សិតកម្ពុជាចំនួន ៦២ រូបក្នុងចំណោមនេះមាននិស្សិតទទួលអាហារូបករណ៍កម្មវិធី Aus4ASEAN ចំនួន ១៣ រូប។ និស្សិតដែលពោរពេញដោយទេពកោសល្យទាំងប៉ុន្មានរូបនេះ មកពីខាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន នឹងត្រូវទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ក្នុងមុខជំនាញសិក្សាដូចជា វិទ្យាសាស្ត្រទិន្នន័យ សុខាភិបាល នគរូបនីយកម្ម កសិឧស្សាហកម្ម ភាពធន់នឹងអាកាសធាតុ ភាពជាអ្នកដឹកនាំផ្នែកវប្បធម៌ និងមុខជំនាញសិក្សាជាច្រើនទៀត។


កម្មវិធីបើកអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា២០២៦ ខាងមុខនេះបានរៀបចំឡើងក្រោមប្រធានបទ "អត្ថប្រយោជន៍នៃអាហារូបករណ៍អូស្ត្រាលី ចំពោះស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងការបន្តអភិឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា"។ 

សម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំ២០២៦នេះដែរ ទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមបេក្ខជន១.០០០នាក់ដែលទទួលបានអាហារូបករណ៍ Australia Awards Cambodia គឺមាន៦០០នាក់ជាមន្ត្រីរាជការ។


ជាមួយគ្នានេះកម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំ២០២៦ បានបើកទូលាយដល់បេក្ខជនជាស្ត្រី និងជនមានពិការភាព ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់យេនឌ័រនៅកម្ពុជា ខណៈបច្ចុប្បន្នថ្នាក់ដឹកនាំជាស្ត្រីមាន២៧ភាគរយ។


កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី (ADS) សម្រាប់កម្មវិធីអនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យអូស្ត្រាលី បានផ្តល់ជំនាញលើវិស័យការអប់រំមូលដ្ឋាន ; ការការពារសង្គម / សុខុមាលភាព; សន្តិភាព និងការអភិវឌ្ឍន៍; ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ; ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; ការអភិវឌ្ឍន៍អង្គការ/ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស; ពាណិជ្ជកម្ម; ទំនាក់ទំនងបរទេស; ជំងឺរាតត្បាត (ការរៀបចំនិងការគ្រប់គ្រង)៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន(MoINFO APP)







ប្រភព: ក្រសួងព័ត៌មាន



ពីមុន / Previous បន្ទាប់ / Next