Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កម្ពុជា-ថៃបង្ហាញនូវឆន្ទៈប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 


កម្ពុជា-ថៃបានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់។


បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។


នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២​៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ ដែលមានគណៈ​ប្រតិភូកម្ពុជា​ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ 


គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕




ប្រភព: ក្រសួងព័ត៌មាន



ពីមុន / Previous បន្ទាប់ / Next