រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្តី ព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងពិ គ្រោះយោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញា បណ្ណទឹក ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខា ធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នា ក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនិងមន្ទីររាជធានីខេត្ត គណៈកម្មា ធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូប នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមាន ប្រសាសន៍ឱ្យដឹងថា អនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹកជាឧបករណ៍ គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រម បរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ដែលត្រូវបាន រៀបចំឡើងដើម្បី
ទី១) ផ្តល់សិទ្ធិស្របច្បាប់ដល់បុគ្គលគ្រប់រូប ក្នុងការប្រើប្រាស់ទឹក និងធនធានទឹក ប្រកបដោយសមធម៌ និង បរិយាបន្ន ទី២) អនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ក្តាប់បាននូវព័ត៍មានទិន្នន័យនៃការប្រើប្រាស់ទឹក ដើម្បី ងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តរភាព និង ទី៣) ចូលរួមចំណែកដល់កំ ណើនសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់ទឹកពីប្រភពសាធារណៈ ដោយការសន្សំសំចៃ តាមរយៈការកំណត់ថ្លៃនៃការប្រើប្រាស់ទឹក និងធនធានទឹកសម្រាប់ការធ្វើអាជីវកម្ម។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានសម្រេចបង្កើតគណៈកម្មការ និង អនុគណៈកម្មការរៀបចំ តាក់តែង និងធ្វើបច្ចប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តរបស់ក្រសួង ដើម្បីពង្រឹងការងារនីតិកម្ម ឡើងវិញ។ សេចក្តីព្រាងអនុក្រឹត្យស្តីពីអាជ្ញាបណ្ណទឹក ចែកចេញជា ១១ ជំពូក រួមមាន ២៧ មាត្រា៕
ប្រភពព័ត៌មាន: ក្រសួងព័ត៌មាន