ប្រភពថ្មីមួយ បាននិយាយថា ក្រុមហ៊ុន vivo បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនត្រកូល V series នៅក្នុងពេលឆាប់ៗនេះហើយ ដោយស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតនេះ គឺមានឈ្មោះថា vivo V25 series។ ស្មាតហ្វូននេះ គឺជាម៉ូដែលថ្មីមួយទៀតបន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន V23 series ដែលបានបង្ហាញខ្លួនួរួចហើយកាលពីដើមឆ្នាំនេះ។ ចំណែកឯនៅពេលនេះវិញ មានការទម្លាយចេញនូវលក្ខណៈសម្បត្តិជាច្រើន និងកាលបរិច្ឆេទក្នុងការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូននេះថែមទៀតផង។
បើយោងតាមរបាយការណ៍របស់ TechYorker គឺបានសសេរថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ គឺមានគម្រោងក្នុងការ បង្ហាញចេញនូវស្មាតហ្វូន vivo V25 និង vivo V25 Pro នៅក្នុងប្រទេសឥណ្ឌានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។
ស្មាតហ្វូនសេរីថ្មីរបស់ក្រុមហ៊ុន vivo នេះនឹងក្លាយជាស្មាតហ្វូនប្រណិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ហើយនឹងមានតម្លៃប្រហែលជា តម្លៃប្រហែលជា ៤៩៧ ដុល្លារ និង ៦៦៣ ឡើងទៅ។ បើយោងតាមរបាយការណ៍ថ្មីនេះ ក៏បានបន្ថែមថា ស្មាតហ្វូន vivo V25 Pro គឺមាន RAM និងអង្គផ្ទុកទិន្នន័យ ៣ ទំហំសម្រាប់ឲ្យយើងធ្វើការជ្រើសរើស ក្នុងនោះរួមមាន 8GB+128GB, 8GB+256GB និង 12GB+256GB។
បន្ថែមពីនេះទៀតនោះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.56 អ៊ីង ជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ និងមានល្បឿន refresh rate 120Hz។ vivo V25 Pro បានបំពាក់មកជាមួយនឹងកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50 Megapixel ប្រើប្រាស់សេនស័ររបស់ Sony IMX766V គ្រាប់ទី ២ មានទំហំ 12 megapixel ជា លេន ultra wide និង 2 megapixel លេន portrait ។ ចំណែកឯកាមេរ៉ាខាងមុខមួយគ្រាប់ទុកសម្រាប់ Selfie នោះវិញ មានទំហំ 32 megapixel ។
vivo V25 Pro ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 8100 SoC និងថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្រិតកម្លាំង 80W ចំណែកឯម៉ូដែល vivo V25 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 778G ឬ Dimensity 1200 SoC។ ស្មាតហ្វូន vivo V25 ក៏អាចនឹងមានថាមពលថ្មទំហំ 4,500mAh និងមានបច្ចេកវិទ្យាសាកថ្មលឿនលឿនអម្រឹតកម្លាំង 44W ឬ 66W ។ vivo V25 មានកាមេរ៉ាខាងមុខទំហំ 16 megapixel រីឯកាមេរ៉ាខាងក្រោយដូចគ្នាទៅនឹងម៉ូឌែល Pro ដែរ៕
ប្រភព: ទស្សនាវដ្តីអេឡិចត្រូនិច