ទៅលើការឌីហ្សាញ Honor 70 Pro និង 70 Pro+ មានលក្ខណៈដូចគ្នាទាំងស្រុង មិនថាទម្រង់កាមេរ៉ាខាងក្រោយ ឬមួយអេក្រង់កោងខាងមុខនោះទេ។ សម្រាប់អេក្រង់ ពួកវាទាំងពីរប្រើប្រាស់ទំហំ 6.78 អ៊ីញ ជាប្រភេទ OLED 10-bit ជាមួយល្បឿន Refresh Rate បាន 120Hz ផងដែរ។ មិនត្រឹមដូចគ្នាលើទម្រង់កាមេរ៉ាក្រោយទេ តែពួកវាក៏បានប្រើប្រាស់គ្រាប់កាមេរ៉ាដូចគ្នាដែរ ជាក់ស្ដែងមានលេនគោលទំហំ 54MP ជាសេនស័រ របស់ Sony IMX800 ជាមួយលេនទូលាយ Ultrawide 50MP ដែលអាចដំណើរការជាលេន Macro ក៏បាន និងចុងក្រោយជាលេនពង្រីក Telephotos ទំហំ 8MP អាចពង្រីកបែប Optical Zoom បាន ៣ ដង និងបែប Digital Zoom បាន ៣០ ដង ហើយលេនេះក៏មានបច្ចេកវិទ្យា OIS ជួយទប់លំនឹងផងដែរ។ នៅខាងមុនជាលេនទំលុះអេក្រង់នោះវិញ គឺជាសេនស័រទំហំដល់ 50MP និងមានមុំទូលាយ ១០០ ដឺក្រេមកស្រាប់តែម្ដង។
សម្រាប់កម្លាំងម៉ាស៊ីនម៉ូឌែល Honor 70 Pro ធម្មតាបានបំពាក់មកជាប្រភេទ Dimensity 8000 និងមានជម្រើសរ៉េម ក៏ដូចជាអង្គផ្ទុក 2 ប្រភេទ 8GB / 256GB និង 12GB / 512GB ទៀតផង។ សម្រាប់ម៉ូឌែល Honor 70 Pro+ វិញ វាបានបំពាក់ឈីបកំពូលជំនាន់ថ្មី Dimensity 9000 ដែលជាឈីប 4nm ហើយវាក៏មានជម្រើសរ៉េម 8GB និង 12GB ដែរ ប៉ុន្តែអង្គផ្ទុកមានតែជម្រើស 256GB មួយប៉ុណ្ណោះ។
សម្រាប់ថាមពលថ្មពួកវាទាំងពីរបានបំពាក់មកទំហំ 4,500mAh ដែលអាចគាំទ្រមុខងារសាកថ្មតាមខ្សែបានដល់ទៅ 100W ត្រូវបានក្រុមហ៊ុនគេអះអាងថា អាចសាកថ្មពី ០ ទៅដល់ ៦០% ចំណាយពេលត្រឹម ១៥ នាទី និងអាចឡើងដល់ ១០០% ចំណាយពេលខ្ទង់ ៣០ នាទីប៉ុណ្ណោះ។
ចូលមកដល់តម្លៃវិញ នៅក្នុងទីផ្សារប្រទេសចិន Honor 70 Pro ត្រូវបានគេដាក់លក់ចាប់ផ្តើមពី ៥៥៥ ដុល្លារឡើងទៅ ខណៈម៉ូឌែល 70 Pro+ វិញ ត្រូវបានដាក់លក់ចាប់ផ្តើមពី ៦៤៥ ដុល្លារឡើងទៅ។ ចំពោះវត្តមានទូរសព្ទឆ្លាតទាំងពីរម៉ូឌែលនេះ នៅក្នុងទីផ្សារសាកលនោះ ក្រុមហ៊ុនគេនៅមិនទាន់បានបញ្ជាក់បន្ថែមនៅឡើយទេ៕
ប្រភព: Cambo Report