realme ទើបប្រកាសចេញថេប្លេតម៉ូឌែលទីពីររបស់ខ្លួនជាផ្លូវការ ត្រូវបានគេហៅថា realme Pad Mini ដែលជាថេប្លេតធុនមធ្យមមួយ ផ្តោតសំខាន់លើការប្រកួតប្រជែងផ្នែកតម្លៃតែម្ដង។
realme Pad Mini បានបំពាក់មកជាមួយអេក្រង់ទំហំ ៨.៧ អ៊ីញ ជាប្រភេទ LCD មានកម្រិតបង្ហាញ HD+ (១៣៤០ x ៨០០ ភិចសែល) ហើយដូចបានឃើញអញ្ចឹង អេក្រង់នេះនៅសល់គែម Bezel លើក្រោមធំគួរសម។ realme Pad Mini មានកម្រាស់ស្ដើងត្រឹម 7.6mm និងមានទម្ងន់ ៣៧២ ក្រាម។ realme Pad Mini បានបំពាក់មកជាមួយថាមពលថ្មធំល្មមមួយទំហំ 6.400mAh គាំទ្រកម្លាំងសាកបាន 18W ផងដែរ។
សម្រាប់បន្ទះឈីបវិញ ថេប្លេតនេះប្រើប្រាស់ជាប្រភេទ Unisoc T616 ជាឈីបកម្រិតមធ្យម អមមកនូវជម្រើសរ៉េម ក៏ដូចជាអង្គផ្ទុក ២ ប្រភេទរួមមាន រ៉េម 3GB/ អង្គផ្ទុក 32GB និងរ៉េម 4GB/64GB។
សម្រាប់កាមេរ៉ា នៅខាងក្រោយមានមួយគ្រាប់ទំហំ 8MP ចំណែកឯផ្នែកខាងមុខវិញ វាមានមួយគ្រាប់ដូចគ្នាទំហំ 5MP។ ថេប្លេតនេះគាំទ្របានទាំង LTE និង WiFi ហើយវាប្រើប្រាស់រន្ធសាកជាប្រភេទ USB-C ព្រមទាំងមានរន្ធដោតកាស 3.5mm មួយមកផងដែរ។ ចំណែកឯតម្លៃវាត្រូវបាន realme ដាក់លក់នៅក្នុងប្រទេសភីលីពីនមុនគេ ចាប់ផ្តើមឡើងពីខ្ទង់ ១៩៥ ដុល្លារឡើងទៅ។
ប្រភព÷ Cambo Report