Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

យានអង្គការ NASA ទើបផ្តិតបានរូបមួយនេះលើភពអង្គារ មើលទៅស្រដៀងៗផ្កាថ្ម


អាមេរិក៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ (គិតតាមពេលវេលានៅលើភពផែនដី) យានស្រាវជ្រាវអាយុកាល ១០ឆ្នាំ គឺ «Curiosity» របស់អង្គការ NASA ដែលកំពុងបន្តការស្រាវជ្រាវ នៅក្នុងរណ្តៅយក្ស Gale Crater នៃភពអង្គារ បានផ្តិតរូបភាពកៀកទៅនឹងថ្មចម្លែកតូចមួយ ដែលមានរូបរាងដូចជា «ផ្កា ឬផ្កាថ្មក្នុងបាតសមុទ្រ» ដោយមួយចង្កោមរបស់វាមានមុខកាត់តែ ១សង់ទីម៉ែត្រប៉ុណ្ណោះ។


រូបមួយសន្លឹកនេះត្រូវបានផ្តិតយក នៅជិតតំបន់ទីទួល Mount Sharp នៃរណ្តៅយក្ស Gale Crater ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រ។ យាន Curiosity បានប្រើប្រាស់កាមេរ៉ា Mars Hand Lens Imager (MHLI) ដែលមានកញ្ចក់កែវយឺត សម្រាប់ផ្តិតរូបភាពបានកៀក ទើបក្រុមអ្នកវិទ្យាសាស្ត្រអាចមើលឃើញ ភាពលម្អិតរបស់ដុំថ្មរាងដូចផ្កាដ៏តូចនេះបាន។

ផ្កាថ្មខាងលើនេះ ត្រូវបានក្រុមការងារអង្គការ NASA ដែលគ្រប់គ្រងបេសកកម្មយាន Curiosity ដាក់ឈ្មោះឲ្យថា «Blackthorn Salt» ហើយក្រុមអ្នកវិទ្យាសាស្ត្រមានការជឿជាក់ថា វាត្រូវបានបង្កើតឡើងដោយសារតែកាលពីមុន ទីនោះគឺធ្លាប់ជាបឹងស្តុកទឹក។


អ្នកវិទ្យាសាស្ត្រ Abigail Fraeman អនុប្រធាននៃកម្មវិធីសិក្សាលើយាន Curiosity បានលើកឡើងថា ផ្កាថ្ម Blackthorn Salt អាចកកើតឡើងពីសារធាតុរ៉ែមួយចំនួន នៅក្នុងទឹកបឹងពីបុរាណ បូកផ្សំជាមួយនឹងដុំថ្មនៃផ្ទៃភពអង្គារ ដែលកាលពីរាប់ពាន់លានឆ្នាំមុននោះ តំបន់ដែល Blackthorn Salt ស្ថិតនៅ គឺជាផ្ទៃបាតបឹង Gale Crater។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៤ យាន Opportunity ដែលត្រូវជាបងបង្កើតរបស់ Curiosity ក៏បានផ្តិតយកទិដ្ឋភាពនៅតំបន់ Meridiani Planum ដែលជាអតីតរណ្តៅស្តុកទឹកមួយ ស្ថិតនៅក្បែរខ្សែអេក្វាទ័រភពអង្គារផងដែរ។ វាគឺជាដុំថ្មចម្លែកៗ ដែលត្រូវបានកកើតឡើង ដោយសារតែតំបន់នោះធ្លាប់មានវត្តមានទឹក ក្នុងរយៈពេលយូរ មិនខុសពីបាតរណ្តៅយក្ស Gale Crater នោះឡើយ៕




ប្រភព៖ Cambo Space (វឌ្ឍនៈ)


ពីមុន / Previous បន្ទាប់ / Next