កាលពីយប់ម្សិលមិញនេះ Xiaomi មានព្រឹត្តិការណ៍មួយធ្វើឡើងនៅប្រទេសចិន ដោយនោះជាព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទហ្គេមលំដាប់កំពូលជំនាន់ថ្មីរបស់គេ ស្ថិតក្នុងយីហោ Redmi ពោលគឺ Redmi K50 Gaming ។ មិនខុសទេ ឆ្នាំនេះរាងចម្លែកជាងរាល់ដង ព្រោះបែរជាមានម៉ូឌែល Gaming បង្ហាញខ្លួនមុនម៉ូឌែលផ្សេងៗទៀតក្នុងត្រកូល Redmi K50 Series ទៅវិញ តែទោះជាយ៉ាងណា យើងនឹងទៅមើលពីចំណុចសំខាន់ៗរបស់វា ក្នុងអត្ថបទខាងក្រោម។
សម្រាប់ការឌីហ្សាញរូបរាង Redmi K50 Gaming មានលក្ខណៈបែបកាច Gaming មិនខុសគ្នាពី Redmi K40 Gaming Edition ឆ្នាំមុនច្រើនប៉ុន្មានទេ ជាក់ស្ដែងគ្រាន់តែលើកនេះ ប្រអប់កាមេរ៉ារបស់វាត្រូវគេកែមកបែបជ្រុង មិនមែនមូលទាលដូចមុនឡើយ ហើយស្ទាយឆ្នូតផ្សេងៗ ក៏ត្រូវបានឌីហ្សាញថ្មីដូចគ្នា។ Redmi K50 Gaming ក៏នៅបន្តបំពាក់មកជាមួយប៊ូតុងមួយគូរ សម្រាប់ជំនួយបន្ថែមដល់ការលេងហ្គេម និងដាក់នៅខាងកៀនដូចឆ្នាំមុនដែរ។
ទូរសព្ទហ្គេមជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ល្បឿន Refresh Rate 120Hz ព្រមទាំងកម្រិតប៉ះបញ្ជា Touch Sampling Rate ដល់ 480Hz ទៀតផង។ អេក្រង់របស់វាបង្ហាញទឹកពណ៌មកវិញ ក្នុងកម្រិត 10-bit និងត្រូវបានក្រាលការពារដោយកញ្ចក់ Corning Gorilla Glass Victus ផងដែរ។
ទៅមើលកាមេរ៉ាវិញ នៅខាងក្រោយបីគ្រាប់នោះ មានមួយជាលេនគោលទំហំ 64MP ជាសេនស័រ Sony IMX686 អមមកជាមួយលេនទូលាយ Ultrawide ទំហំ 8MP និងចុងក្រោយគ្រាន់តែជាលេន Telemacro ទំហំ 2MP ប៉ុណ្ណោះ។ កាមេរ៉ាមុខ Redmi K50 Gaming គឺមានមួយគ្រាប់ទំហំ 20MP ជាលេនទំលុះអេក្រង់ចំកណ្ដាលដូចឆ្នាំមុនដែរ។
ចំពោះកម្លាំងម៉ាស៊ីន ប្រាកដណាស់ទូរសព្ទហ្គេមជំនាន់ថ្មីខាងលើ បានបំពាក់ឈីបកំពូល Snapdragon 8 Gen 1 ហើយត្រូវបាន Xiaomi ធ្វើការឌីហ្សាញប្រព័ន្ធបន្ថយកម្តៅថ្មី ជួយឈីបកំពូលមួយនេះដំណើរការបានកាន់តែមានស្ថេរភាព។ សម្រាប់ថាមពលថ្ម Redmi K50 Gaming បានបំពាក់មកទំហំ 4,700mAh ជាមួយមុខងារសាកថ្មល្បឿនលឿនដល់ទៅ 120W ឯណោះ ហើយត្រូវបាន Xiaomi អះអាងថា ក្នុងការសាកមួយពេញ វាចំណាយពេលតែត្រឹម 17 នាទីប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ Redmi K50 Gaming ក៏បានបំពាក់មកជាមួយម៉ូទ័ររំញ័រ CyberEngine X-axis របស់ Xiaomi ផ្ទាល់ ជាមួយគ្នានឹង Speaker ដែលប្រើប្រាស់ប្រព័ន្ធសម្លេង JBL ចំនួនពីរគ្រាប់ ដើម្បីជួយឲ្យបទពិសោធន៍លេងហ្គេមនៅលើនោះកាន់តែប្រសើរ។ ទូរសព្ទហ្គេមជំនាន់ថ្មីក៏អាចគាំទ្រជាមួយ WiFi 6E និង NFC បាន ហើយសម្រាប់ជម្រើសពណ៌វិញ Xiaomi ផ្តល់ឲ្យ 3 ជម្រើសដូចជា ខៀវ, ទឹកប្រាក់ និងខ្មៅ ព្រមទាំងមួយជម្រើសផ្សេងទៀតគឺ Redmi K50 Gaming Mercedes AMG F1 Edition ដែលកើតចេញពីការសហការគ្នារវាង Xiaomi និង Mercedes។
នៅក្នុងទីផ្សារប្រទេសចិន Redmi K50 Gaming មានជម្រើសចាប់ពីរ៉េម 8GB និងអង្គផ្ទុក 128GB ជាមួយតម្លៃខ្ទង់ 520 ដុល្លារ ឡើងទៅដល់ជម្រើសខ្ពស់បំផុតរ៉េម 12GB អង្គផ្ទុក 256GB មានតម្លៃខ្ទង់ 615 ដុល្លារ៕
ប្រភព÷ Cambo Report