ថ្មីៗនេះ យើងទើបទទួលបានដំណឹងមួយ ទាក់ទងនឹងបញ្ជីទូរសព្ទបុរាណរបស់ Apple ពោលបើយោងតាមការបង្ហាញចេញពីប្រភព MacRumors គេបានរកឃើញថា Apple នឹងដាក់បញ្ចូលទូរសព្ទ iPhone 6 Plus ចូលទៅក្នុងបញ្ជីទូរសព្ទបុរាណមួយម៉ូឌែលទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ។
មិនខុសទេ យោងតាមការបង្ហាញចេញពីប្រភពខាងលើ បានឲ្យដឹងថា Apple មានគម្រោងដាក់ iPhone 6 Plus ចូលទៅក្នុងបញ្ជីទូរសព្ទបុរាណ នៅត្រឹមថ្ងៃទី ៣១ ខែធ្នូនេះតែម្ដង។ យ៉ាងណាក៏ដោយនៅ Apple Stores និង Apple Authorized Service Providers នៅតែទទួលជួសជុលទូរសព្ទម៉ូឌែលនេះដដែល ពោលគឺរហូតទាល់តែវាមានអាយុកាលលើសេពី ៧ ឆ្នាំ ទើប Apple លែងទទួលបានការជួសជុលទៀត។
គួរបញ្ជាក់ថា iPhone 6 និង iPhone 6 Plus ត្រូវបានប្រកាសចេញផ្លូវការ កាលពីក្នុងឆ្នាំ ២០១៤ កន្លងទៅ ហើយវាបានក្លាយជាទូរសព្ទ ដែលទទួលបានប្រជាប្រិយភាពច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការលក់ទូរសព្ទរបស់ Apple មកទល់បច្ចុប្បន្ន។
យ៉ាងណា Apple បានបញ្ឈប់ការលក់ iPhone 6 Plus ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ប៉ុន្តែសម្រាប់ម៉ូឌែល iPhone 6 វិញ គេនៅបន្តលក់រហូតមកដល់ឆ្នាំ ២០១៨ ហើយមកទល់ពេលនេះ Apple នៅមិនទាន់ដាក់វាចូលទៅក្នុងបញ្ជីទូរសព្ទបុរាណដូចម៉ូឌែល Plus ទេ។
សូមរំឮកដែរ នៅពេលដែល Apple បានដាក់បញ្ចូលទូរសព្ទម៉ូឌែលណាមួយ ចូលទៅក្នុងបញ្ជីទូរសព្ទបុរាណ គឺមានន័យថា នោះជាទូរសព្ទដែលត្រូវបានគេបញ្ឈប់ការលក់ចាប់ពី ៥ ឆ្នាំទៅ ៧ ឆ្នាំហើយ តែបើសិនជាលើស ៧ ឆ្នាំនោះ គេនឹងដាក់ចូលទៅក្នុងបញ្ជីមួយទៀតហៅថា ផលិតផលលែងប្រើ ឬ Obsolete Products ដែលមានន័យថា គេនឹងលែងផ្តល់សេវាកម្មជួសជុលណាមួយ ទៅឲ្យទូរសព្ទម៉ូឌែលនោះទៀតហើយ។
ប្រភព÷ Cambo Report