(បរទេស)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ប្រហែលនឹងធ្វើតេស្តបាញ់បង្ហោះ យានគំរូថ្មីមួយទៀតនៃនាវាអវកាស Starship ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែមិនទាន់ច្បាស់ថានៅពេលណាឲ្យប្រាកដឡើយ។
សញ្ញាមួយចំនួនបានបង្ហាញថា យានគំរូ Starship ហៅថា SN15 អាចនឹងត្រូវធ្វើតេស្តហោះហើររយៈកម្ពស់ខ្ពស់របស់វា នៅឯមូលដ្ឋានរបស់ក្រុមហ៊ុន SpaceX នៅតំបន់ Boca Chica ភាគខាងត្បូងរដ្ឋតិចសាស់ នាចុងសប្តាហ៍នេះ ប៉ុន្តែមិនប្រាកដ ១០០ភាគរយនោះទេ។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក FAA បានប្រកាសថា ខ្លួនបានផ្តល់ការអនុញ្ញាត សម្រាប់គម្រោងធ្វើតេស្តបាញ់បង្ហោះយាន SN15 របស់ SpaceX ព្រមទាំងគម្រោងបាញ់តេស្តយានពីរទៀតផងដែរគឺ SN16 និង SN17។
គួរបញ្ជាក់ថា SN15 គឺជាយានគំរូទី ៥ នៃនាវាអវកាស Starship។ អំឡុងរយៈពេល ០៥ខែមកនេះ ក្រុមហ៊ុន SpaceX បានធ្វើតេស្តហោះហើរយានគំរូចំនួន ០៤ផ្សេងទៀត ដោយយានដំបូងគេគឺ SN8 ដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ វាបានហោះហើរល្អ ប៉ុន្តែធ្លាក់បុកដីឆេះខ្ទេចពេលចុះចត។ ចំណែកយានគំរូ ០៣ទៀតគឺ SN9 SN10 និង SN11 ក៏បានជួបវាសនាស្រដៀងគ្នាដែរ។ ទោះជាបែបនេះក្តី ក្រុមហ៊ុន SpaceX បានប្តេជ្ញាថានឹងបន្តប្រឹងប្រែងអភិវឌ្ឍ និងធ្វើតេស្តនាវាអវកាសនេះ រហូតទាល់តែទទួលជោគជ័យទាំងស្រុងតែម្តង៕
ប្រភព÷ Cambo Space