យើងបានដឹងហើយថា Galaxy S21 Ultra គឺជាទូរសព្ទឆ្លាតមួយក្នុងចំណោមទូរសព្ទឆ្លាតលំដាប់កំពូលដទៃទៀត ដែលភ្ជាប់មកជាមួយកញ្ចប់កាមេរ៉ាក្រោយ ដែលមានសមត្ថភាពខ្ពស់ និងធ្វើការបានល្អប្រសើរ ផងដែរ។ ប៉ុន្តែក៏មិនមែនន័យថា Samsung ក៏មិនព្រមបញ្ឈប់ត្រឹមនេះនោះដែរ ជាក់ស្តែង Galaxy S22 Ultra ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅឆ្នាំ 2022 ខាងមុខនេះ ត្រូវបានប្រភពល្បីឈ្មោះបញ្ជាក់ថា នឹងភ្ជាប់មកជាមួយលេនពង្រីក Periscope ដែលមានសមត្ថភាពខ្ពស់ជាងលេនពង្រីក Periscope របស់ S21 Ultra ទៅទៀត។
មិនខុសនោះទេ បើតាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានបញ្ជាក់ថា Galaxy S22 Ultra នឹងភ្ជាប់មកជាមួយលេនពង្រីក Periscope ជាប្រភេទ Variable មានសមត្ថភាពអាច Zoom ពីចន្លោះ 3x ទៅដល់ 10x Optical Zoom (Continuous Zoom) ថែមទៀតផង។ ចំណែកឯលេនពង្រីក Telephoto និង Periscope របស់ Galaxy S21 Ultra គឺជាប្រភេទ Fixed។ បើនិយាយឲ្យស្រួលយល់ មានន័យថា ការថតរូបដោយប្រើលេនពង្រីក Periscope របស់ Galaxy S22 Ultra នឹងទទួលបានរូបភាពដែលមានគុណភាពច្បាស់ល្អដូចៗគ្នា មិនថាយើងប្រើប្រាស់ 3x,4x,5x,6x,7,8x,9x ឬ 10x Optical Zoom នោះទេ។ ចំណែកឯ ការថតរូបដោយប្រើលេនពង្រីករបស់ Galaxy S21 Ultra ទទួលបានគុណភាពច្បាស់ល្អ តែនៅពេលដែលយើងប្រើប្រាស់ 3x និង 10x Optical Zoom ប៉ុណ្ណោះ។
ក្រៅពីលេនពង្រីក Periscope ប្រភេទ Variable នេះហើយ Galaxy S22 Ultra ក៏ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់លេនគោល ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹង Sensor-Shift ផងដែរ។ លើសពីនេះ Galaxy S22 Ultra ក៏ត្រូវបានគេបញ្ជាក់ថា នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ បង្កប់ក្រោមអេក្រង់ និងអាចប្រើប្រាស់បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Exynos 2200 អមមកជាមួយអង្គគណនារូបភាព (GPU) របស់ក្រុមហ៊ុន AMD ថែមទៀតផង។
ប្រភព: Cambo Report