ជាថ្មីម្តងទៀតហើយដែលលោក Ming Chi-Kuo បាននិយាយថា ក្រុមហ៊ុន Apple បាននឹងកំពុងសង្ងំធ្វើការអភិវឌ្ឍន៍លើទូរស័ព្ទអេក្រង់បត់បែនបានរបស់ខ្លួន។ អ្នកវិភាគល្បីឈ្មោះរូបនេះបានប្រាប់អោយដឹងថា អេក្រង់ Apple Foldable iPhone
អាចនឹងប្រើនូវបន្ទះអេក្រង់ Flexible OLED កម្រិត QHD+ ទំហំ ៨ អ៊ីង ហើយទូរស័ព្ទអេក្រង់បត់បានដំបូងរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាអាមេរិកមួយនេះអាចនឹងបង្ហាញខ្លួនលើទីផ្សារផ្លូវការណ៍នៅក្នុងឆ្នាំ ២០២៣។
លោក Kuo ក៏បានបញ្ជាក់ប្រាប់ដែរថាក្រុមហ៊ុនដែលនឹងរ៉ាប់រងលើសង្វាក់ផ្គត់ផ្គង់បន្ទះអេក្រង់ Flexible OLED អោយ Apple គឺជាក្រុមហ៊ុន Samsung ប៉ុន្តែ អេក្រង់ OLED នោះអាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Silver Nanowire Touch Tech ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន TPK ដែលបច្ចេកវិទ្យាថាច់របស់ក្រុមហ៊ុននេះត្រូវបាន Apple មើលឃើញថាមានភាពល្អប្រសើរជាងបច្ចេកវិទ្យា Y-Octa របស់ Samsung។ លោក Ming-Chi Kuo បានព្យាករណ៍ទុកដែរថា Apple អាចនឹងមានលទ្ធភាពក្នុងការនាំចេញនូវទូរស័ព្ទអេក្រង់បត់បានដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២៣ បានខ្ទង់ចន្លោះពី ១៥ ទៅ ២០ លានគ្រឿង។
បើតាមរបាយការណ៍ថ្មីចុងក្រោយមួយទៀតបាននិយាយថាក្រុមហ៊ុនផលិតទូរស័ព្ទ Android ខ្លាំងៗក្នុងប្រទេសចិនដូចជា Vivo, OPPO និង Honor ក៏ត្រៀមខ្លួនហក់ចូលប្រឡូកក្នុងទីផ្សារទូរស័ព្ទអេក្រង់បត់បានផងដែរ ដែលអាចចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដែលគេបានព្យាករណ៍ថាចំនួននៃការនាំចេញទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុនទាំងនេះគឺអាចមានចំនួន ១៧ លានគ្រឿង។
យ៉ាងណាមិញសម្រាប់ក្រុមហ៊ុនចិន Xiaomi គឺជាក្រុមហ៊ុនទី ៣ បន្ទាប់ពី Samsung និង Huawei ដែលសម្រេចបានជោគជ័យក្នុងការផលិត និងប្រកាសចេញទូរស័ព្ទអេក្រង់បត់បានរបស់ខ្លួនលើទីផ្សារជាលើកដំបូងកាលពីខែចុងខែមិនា ឆ្នាំ ២០២១ ដែលមានឈ្មោះថា Mi Mix Fold។ ហើយបច្ចុប្បន្ននេះ Samsung នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បាន ឬ Foldable Phone នៅទូទាំងពិភពលោក៕