នេះជាគំរូស្ថានីយអវកាសចិនឈ្មោះ Tianhe (ធានហឺមានន័យថា ឋានសួគ៌ដ៏សុខដុម) ដែលអាចនឹងត្រូវសម្ពោធនៅឆ្នាំ២០២២
កំណាត់បន្ទប់ (module) សំខាន់ដំបូងរបស់ Tianhe ទើបតែត្រូវបានចិនបាញ់បង្ហោះ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
Module ដំបូងរបស់ Tianhe មានប្រវែង ១៨ម៉ែត្រ បានជិះនៅលើគ្រាប់រ៉ុក្កែត Long March 5B របស់ចិន ឡើងទៅកាន់គន្លងគោចរកម្រិតទាប (Low Earth Orbit)។
ស្ថានីយអវកាសដំបូងរបស់ចិននៅឆ្នាំ២០២២ នឹងត្រូវផ្គុំចេញជាបន្ទប់ស្នាក់នៅ បន្ទប់ពិសោធន៍ និងបន្ទប់ស្តុកទំនិញ ដោយមានរាងជាអក្សរ T ហើយមានបំពាក់នូវបន្ទះសូឡា ស្រូបថាមពលព្រះអាទិត្យ មិនខុសពីស្ថានីយអវកាសអន្តរជាតិ (ISS) ឡើយ។
ចិននឹងបាញ់បញ្ជូនបន្ទប់ពិសោធន៍មួយទៀត ឲ្យទៅផ្គុំជាមួយ Module ទីមួយខាងលើនៅក្នុងខែឧសភា ខណៈអវកាសយានិកចំនួន ០៣រូប នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយសាកល្បងនោះ នៅក្នុងខែមិថុនា ឆ្នាំ២០២១ ប្រសិនបើដំណើរគ្រប់យ៉ាង សម្រេចតាមការគ្រោងទុក៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ វែបសាយ space/Xinhua
រូបភាព៖ China National Space Agency (CNSA)