រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ជំរាបមក
លោក លោកស្រី ជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឲ្យបានជ្រាបថា
កម្មវត្ថុ: ស្ដីពីការក្រើនរំលឹកចុងក្រោយទៅដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការការទបរកាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
យោង: - ព្រះរាជក្រមលេខ នា/រកម/០៣២១/០០៤ ចុះទី ១១ ខែមីនា ឆ្នាំ ២០២១ ប្រកាសអោយប្រើច្បាប់ ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
- អនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះទី ១២ ខែមីនា ឆ្នាំ ២០២១ ស្ដីពីវិធានការសុខាភិបាលស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅជំងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
- លិខិតលេខ ១០៣ អបស.មព ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការស្ដីពីការជំរុញកិច្ចសហការ ពីម្ចាស់សេវាពិនិត្យព្យាបាលឯកជន ក្នុងការបញ្ជូនអ្នកជំងឺសង្ស័យកូវីដ-១៩ ពីមូលដ្ឋានខ្លួនទៅមន្ទីរពេទ្យរដ្ឋទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។
សេចក្តីដូចមានចែងទុកក្នុងកម្មវត្ថុ និងយោងខាងលើនេះ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ឲ្យបានជ្រាបថា រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺហាមមិនអនុញ្ញាតឲ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថាជាកូវីដ-១៩ ដាច់ខាត។ ដើម្បីទប់ស្កាត់កុំអោយមានការរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួងសុខាភិបាលសូមធ្វើការក្រើនរឰកជាចុងក្រោយចំពោះ លោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមសហការពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំដូចខាងក្រោមនេះ ÷
១. មិនអនុញ្ញាតឲ្យធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ និងធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដាច់ខាត (លើកលែងតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល) ។
២. ត្រូវរៀបចំដាក់ទុកមួយ និងបុគ្គលិកគិលានុបដ្ឋាក-យិកា ០១រូប នៅកន្លែងច្រកទ្វារចូលទៅក្នុងកន្លែងពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីរងចាំយកកម្ដៅ និងការបែងចែកជំងឺ និងការត្រួតពិនិត្យអ្នកជំងឺដំបូង។ គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថាគ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ដែលចូលទៅក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅ ដោយប្រើឧបករណ៍ស្ទង់កំដៅ ដែលមិនប៉ះផ្ទាល់ ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺកូវីដ-១៩ ដោយពឹងផ្អែកលើនិយមន័យករណីដែលក្រសួងសុខាភិបាលបានកំណត់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ (ឧបសម្ព័ន្ធ ១ ឧបសម្ព័ន្ធ ២ ឧបសម្ព័ន្ធ ៣ ឩបសម្ព័ន្ធ ៤)។
៣. បើមានសញ្ញាណាមួយដូចក្នុងនិយមន័យកូវីដ-១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថាជាករណីសង្ស័យជាជំងឺជីវិដ-១៩ ត្រូវឱ្យគាត់ពាក់ម៉ាស និងណែនាំគាត់ឲ្យទៅកាន់កន្លែងរង់ចាំមួយនៅក្បែរនោះ ដោយរក្សាគម្លាតយ៉ាងហោចណាស់មួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីមកសម្របសម្រួលបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ-១៩។
៤. ត្រូវអនាម័យដៃជាប្រចាំ ដោយលាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាកុល ៧០% ឬអាកុលជែល។ ក្នុងករណីអ្នកជំងឺសង្ស័យថាជាជំងឺកូវីដ-១៩ត្រូវសំអាតកន្លែងពិនិត្យព្យាបាលជំងឺ ដោយប្រើអាកុល ៧០% ឬសូលុយស្យុង អូសាវែលដែលមានកំហាប់ ០.១% លើផ្ទៃឧបករណ៍ដែលប្រើប្រាស់ឡើងវិញ និងសូលុយស្យុងអូសាវែលដែលមានកំហាប់ ០.៥% លើផ្ទៃប្រឡាក់ផ្សេងៗ និងជូតសម្អាតឥដ្ឋ និងសូលុយស្យុងអូសាវែលដែលមានកំហាប់ ០.០៥% សម្រាប់ត្រាំឧបករណ៍សម្ភារៈដែលប្រើប្រាស់ឡើងវិញ ព្រមទាំងបាញ់សម្លាប់មេរោគក្នុងបរិវេណព្យាបាលអ្នកជំងឺទាំងមូល។
៥. ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នឹងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ នោះ។
៦. ត្រូវមានធុងពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារៈអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូវីដ-១៩ ដូចជាម៉ាសពាក់ និងក្រដាសជូតមាត់ជាដើម។ បន្ទាប់មកត្រូវប្រមូលសំណល់ទាំងនោះទៅដុតកម្ទេចចោល ក្នុងឡូត៍ដែលមានសីតុណ្ហភាពលើសពី ៨០០ អង្សាសេ ឡើងទៅ។
៧. ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺកូវីដ-១៩ ទៅដល់បុគ្គលិក អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺ ព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ និងពាក់ម៉ាស ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ ម៉ែត្រឡើងទៅ នឹងត្រូវដោយអនុវត្តនូវវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួម គឺ ÷
ក. អនុវត្ត ៣ ការពារ
- ពាក់ម៉ាស
- លាងដៃអោយបានញឹកញាប់
- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១.៥ ម៉ែត្រឡើងទៅឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង
ខ. អនុវត្ត ៣ កុំ
- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ។
- កុំទៅកន្លែងមនុស្សច្រើនកោះករ
- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្ដាសាយឬសង្ស័យថាមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើយទៅទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ ១១៥។
គ. អនុវត្ត ២ ចូលរួម
- ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
- ប្រើ QR Code Stop Covid ដើម្បីទប់ស្កាត់រូបរាតត្បាត។
ក្នុងករណីដែល លោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ណាមួយមិនបានគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននោះ ដោយអនុវត្តទៅតាមច្បាប់ និងអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឆ្លងកាត់សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមានរមាន ÷
- ការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម
- ការបិទអាជីវកម្ម
- ពិន័យអន្តរការណ៍
- ពិន័យជាប្រាក់
- ទោសដាក់ពន្ធនាគារ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម លោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំខាងលើនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។