រកឃេីញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ នៅម៉ោងជាង ៩ព្រឹក នៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ហេីយគាត់មានផ្ទុកវីរុសកូវីដ-១៩ ៖
ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបដូចតទៅ÷
១. ករណីជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំ÷
នៅវេលាម៉ោង ១០:៣០ ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ ក្រសួងទទួលបានលទ្ធផលវិភាគពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញថា លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រឹះ ឃុំស្វាយដង្គុំ ក្រុងសៀមរាប នោះគឺបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ-១៩។
ក្រោយពីកិច្ចសហការខិតខំស្វែងរកដោយអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប បុរសរូបនេះត្រូវបានរកឃើញនៅម៉ោងជាង ៩ ព្រឹក នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ ដោយគាត់បានសម្ងំនៅក្នុងផ្ទះវីឡាមួយក្នុងបុរីអាថែន ភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានទៅដឹកយកគាត់និងភរិយា ( មិនមែនកូន និងមិនមានអ្នកផ្សេងនៅជាមួយឡើយ ) មកដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចរាល់ហើយដែរ។ ក្រុមការងារកំពុងតែបន្តធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ជាបន្តទៀត។
ព័ត៌មានដែលក្រសួងទទួលបាននៅព្រឹកនេះ គឺក្រោយពីបុរសជនជាតិហុងគ្រីខាងលើរូបនេះ ចាកចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ឆ្ពោះទៅខេត្តសៀមរាបនោះ គាត់បានម៉ៅតាក់ស៊ីមួយជិះតែម្នាក់ឯង ( ឈប់ចាក់ប្រេងតែម្ដងគត់នៅតាមផ្លូវ ) ដោយមិនបានជួប ឬប៉ះពាល់អ្នកណាទាំងអស់ ក្រៅតែពីជិះតាក់ស៊ីនេះទេ។ ពេលមកដល់ខេត្តសៀមរាប គាត់នៅសម្ងំធ្វើការក្នុងផ្ទះ ដោយគាត់ជាបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច ( សរសេរសៀវភៅ ) មានតែថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ មួយថ្ងៃគត់ ដែលគាត់ចេញទៅទិញផ្ទាំងគំនូរដោយជិះម៉ូតូកង់បី ( តុតុ )នៅគ្រឹះស្ថានអង្គរក្រុងសៀមរាប រួចក៏ត្រឡប់មកផ្ទះគាត់វិញ។ រីឯភរិយារបស់គាត់វិញដោយសារតែមានម្ហូបអាហារជាច្រើននៅក្នុងផ្ទះស្រាប់ ស្ត្រីរូបនេះ ក៏មិនបានចេញទៅណាដែរ គឺបានចេញទៅផ្សារតែម្ដងគត់ប៉ុណ្ណោះ តែពួកគាត់មានការអនុវត្តវិធានការការពាក់ដោយម៉ាស់ពេលបានទៅកាន់ទីកន្លែងដូចបានជម្រាបជូនខាងលើ។ ចំណែកឯការរស់នៅរបស់គាត់ គឺមិនមានអ្នកផ្សេងមកប៉ះពាល់ឡើយ។
បច្ចុប្បន្ន ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយនឹងក្រសួងសុខាភិបាលសុខភាពពិភពលោក នឹងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងធ្វើកិច្ចការចាំបាច់ៗ សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀតហើយក្រសួង នឹងបន្តជូនព័ត៌មានដល់សាធារណជននៅការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ ប្រសិនបើមាន ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។